កំពង់ចាម÷ ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាចធ្វើពិពិធកម្មដំណាំបាន បន្ទាប់ពីប្រព័ន្ធប្រឡាយទឹកជាង៨០០ម៉ែត្របានស្តារឡើងវិញ តាមរយៈការគាំទ្ររបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) នៃហិរញ្ញប្បទានបន្ថែមក្រោមគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD- AF)។
ក្នុងពេលចុះទស្សនកិច្ចនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី០៦ខែធ្នូម្សិលមិញ លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា ការស្តារឡើងវិញនូវប្រឡាយដែលធន់នឹងអាកាសធាតុបានចូលរួមចំណែកក្នុងការធ្វើពិពិធកម្មដំណាំរបស់ប្រជាសហករណ៍ដូចជា៖បើគ្មានការស្តារនិងកសាងប្រឡាយបេតុងថ្មីនេះទេ ទឹកដែលហូពីបឹងដែលជាប្រភពទឹកនឹងត្រូវបានបឺតចូលទៅក្នុងដី និងមិនអាចហូបានឆ្ងាយទេ។ ប្រឡាយបេតុងថ្មីដែលផ្តល់ទឹកបានពេញមួយឆ្នាំ អនុញ្ញាតឱ្យកសិករអាចធ្វើពិពិធកម្មដំណាំរបស់ពួកគាត់បន្ថែមពីដំណាំស្រូវ ទៅជាដាំដំណាំស្លឹកគ្រៃ ស្វាយចន្ទី ដំឡូងមី ដូង និងដំណាំជាច្រើនផ្សេងៗទៀត។ លើសពីនេះ លោកស្រីបង្ហាញក្តីរំភើបរីករាយដែលការអនុវត្តគម្រោងនេះទទួលបានផ្តល់ផលជាវិជ្ជាមាន។
លោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានឱ្យដឹងថា តាមការសង្កេតបច្ចុប្បន្ន ប្រជាពលរដ្ឋនៅរស់ក្នុងឃុំ សូភាស ស្រុកស្ទឹងត្រង់ មានជីវភាពធូរធារជាងមុន បន្ទាប់ពីបានអនុវត្តគម្រោងកែលម្អប្រឡាញបេតុងទំនប់ថ្មី ប្រវែងជាង៨០០ម៉ែត្រ ប្រើប្រាស់ថវិកាជាង១៦ម៉ឺនដុល្លា គាំទ្រដោយរាជរដ្ឋាភិបាល,ADB,និងIFAD។លើសពីនេះលោករំពឹងថា នៅពេលខាងមុខធនាគារអភិវឌ្ឍអាស៊ី និងដៃគូពាក់ព័ន្ធ នឹងបន្តគាំទ្រគម្រោងស្តារប្រឡាយដែលសល់។
ប្រជាកសិករបានឱ្យដឹងដែរថា បច្ចុប្បន្នការដាំដំណាំមានភាពងាយស្រួល ព្រោះមានទឹកគ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវស្សា មិនពិបាកកាលមិនទាន់ស្តាប្រឡាយថ្មីនោះទេ។ចំណែកទីផ្សារកសិផលក៍មានតំរូវខ្ពស់ផងដែរ។
គួរបញ្ជាក់ដែរថា ធនាគារADB បានផ្តល់ហិរញ្ញទានប្រមាណ២៣ម៉ឺនដុល្លា សម្រាប់អនុវត្តគម្រោងសហករណ៍កសិកម្ម និងប្រឡាយស្តារឡើងវិញ ស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។គម្រោងនេះបានប្រែក្លាយសហករណ៍កសិកម្មទៅជាអង្គការសហគមន៍ដែលមានដំណើរការប្រកបដោយប្រសិទ្ធភាពបំផុតមួយនៅក្នុងប្រទេសកម្ពុជា។អត្ថបទ៖ទូច សោភ័ណ





