ជនជាតិប៉ាឡេស្ទីន ៩នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសកាលពីថ្ងៃពុធ (០៦ ធ្នូ) នៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើលំនៅឋានមួយខ្នងក្នុងទីក្រុងរ៉ាហ្វាហ្វ ដែលជាទីក្រុងនៅចុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សា ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប នេះបើយោងតាមប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន។

ខ្សែវីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញសាកសព និងមនុស្សរងរបួសជាច្រើននាក់ ដោយបុរសម្នាក់ត្រូវកាត់ផ្ដាច់ជើងទាំងពីរត្រឹមខាងក្រោមជង្គង់ ត្រូវបានគេដឹកចេញពីកន្លែងកើតហេតុ ខណៈមនុស្សម្នាស្វែងរកអ្នកនៅរស់តាមកម្ទេចថ្មដោយប្រើដៃទទេរបស់ពួកគេ។
អគារនេះត្រូវអគ្គិសភ័យឆាបឆេះបន្ទាប់ពីមានការវាយប្រហារ ហើយផ្នែកម្ខាងនៃសំណង់ត្រូវបានបំផ្លាញទាំងស្រុង។ សាក្សីអ្នកស្រុកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ ថាការវាយប្រហារចំនួនបីដងបានវាយប្រហារលំនៅឋានដែលពោរពេញទៅដោយជនភៀសខ្លួនមួយនេះ។
អ៊ីស្រាអែល បានបញ្ចេញយុទ្ធនាការយោធារបស់ខ្លួនជាការឆ្លើយតបទៅនឹងការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលវាយលុកតាមទីក្រុងនានារបស់អ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ នេះបើយោងតាមចំនួនសរុបរបស់ប្រទេសអ៊ីស្រាអែល។
តួលេខពីក្រសួងសុខាភិបាលហ្កាហ្សា បានដាក់តួលេខអ្នកស្លាប់នៅហ្កាហ្សា ចំនួនជាង ១៦.០០០នាក់ ដែលក្នុងនោះមានអ្នកស្លាប់បន្ថែមចំនួន ៤៣នាក់ត្រូវបានរាយការណ៍ដោយមន្ទីរពេទ្យមួយកាលពីថ្ងៃអង្គារ និង ៧៣នាក់ត្រូវបានរាយការណ៍ពីមន្ទីរពេទ្យមួយទៀតកាលពីថ្ងៃពុធ៕