ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ BTV នៅរសៀលថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២៣ នេះ ឲ្យដឹងថាពាក់ព័ន្ធនឹងជនស៊ីវិលម្នាក់បានដកកាំភ្លើងអាមេ គំរាមប្រជាពលរដ្ឋនៅតាមស្រឡាយបឹងសាឡាង សង្កាត់បឹងសាឡាងខណ្ឌទួលគោក កាលពីយប់មិញត្រូវបានមន្ត្រីជំនាញធ្វើការកំណត់អត្តសញ្ញាណបានហើយ។
យោងតាមវីដេអូដែលចែកចាយនៅក្នុងបណ្ដាញសង្គមបានឃើញថាបុរសជនស៊ីវិលម្នាក់នេះបានដកកាំភ្លើងអាមេរួចបានទុកកាំភ្លើងនៅចង្កេះវិញ ហើយក៏បានបោះពាក្យសំដីទៅភាគីម្ខាងទៀតថាខ្លួនជានគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ភ្លាម និងស៉ើបអង្កេតករណីនេះឲ្យបានម្មត់ចត់បំផុត។ ក្នុងករណីរកឃើញថា បុគ្គលនេះជាមន្ដ្រីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ នាយកដ្ឋានមិនគាំទ្រជាដាច់ខាតចំពោះការប្រព្រឹត្តបែបនេះ ដោយនឹងសុំគោលការណ៍ថ្នាក់ដឹកនាំ អនុវត្តវិន័យកងកម្លាំង។
ក្នុងករណីស្រាវជ្រាវរកឃើញថា បុគ្គលនេះមិនមែនជាកងកម្លាំង ហើយយកឈ្មោះអង្គភាព នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅប្រើប្រាស់ប្រព្រឹត្តសកម្មភាពបែបនេះ, នាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត និងឲ្យរហ័សជាទីបំផុត៕
អត្ថបទ ៖ កុម្ភៈ
