
វិទ្យាស្ថានស្រាវជ្រាវដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន China National Petroleum Corp (CNPC) នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែធ្នូ) នេះ បានឲ្យដឹងថា តម្រូវការប្រេងរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងឡើងខ្ពស់បំផុត នៅឆ្នាំ២០៣០ ដោយស្ថិតក្នុងបរិមាណចន្លោះពី ៧៨០ ទៅ ៨០០លានតោន ក្នុងមួយឆ្នាំ។
ក្រុមស្រាវជ្រាវ ដែលហៅថា វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា និងសេដ្ឋកិច្ច (ETRI) របស់ក្រុមហ៊ុន CNPC ធ្លាប់បាននិយាយកាលពីឆ្នាំ២០២១ ថា តម្រូវការប្រេងរបស់ចិននឹងឡើងដល់ ៧៨០លានតោន នៅឆ្នាំ២០៣០។
ETRI បានបង្កើនបរិមាណនៃការព្យាករណ៍របស់ខ្លួន ២០លានតោន ដោយតម្រូវការខ្ពស់បំផុតរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងមានពី ១៥,៦លាន ទៅ ១៦លានបារ៉ែល ក្នុងមួយថ្ងៃ។ នេះបើយោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មាន Reuters។
អនុប្រធាន ETRI លោក Wu Mouyan បាននិយាយនៅក្នុងសិក្ខាសាលាឧស្សាហកម្មមួយថា វិស័យគីមីឥន្ធនៈ នឹងមាន ៣០ភាគរយនៃតម្រូវការប្រេងរបស់ប្រទេស នៅឆ្នាំ២០៣០។
ជាមួយគ្នានេះ ក្រុមស្រាវជ្រាវ បានបន្ថែមទៀតថា តម្រូវការឧស្ម័នធម្មជាតិ នឹងកើនឡើងដល់ ៦០៥,៩ពាន់លានម៉ែត្រគូប ក្នុងឆ្នាំ២០៤០៕