
ក្រុមអាជ្ញាធរនៅក្នុងប្រទេសកូឡុំប៊ី បានបំផ្ទុះគ្រាប់កម្ទេចចោលទីតាំងជីករ៉ែមាសខុសច្បាប់ និងបំផ្លាញឧបករណ៍ជីករ៉ែនៅក្នុងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រទេសមួយនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំរួមគ្នាជាមួយប្រេស៊ីល ដើម្បីបោសសម្អាតអណ្តូងរ៉ែមាសនៅក្នុងតំបន់នោះ ។
កងកម្លាំងប្រដាប់អាវុធកូឡុំប៊ី និយាយកាលពីថ្ងៃពុធថា កូឡុំប៊ី និងប្រេស៊ីល បានបំផ្លាញទីតាំងជីករ៉ែមាសខុសច្បាប់ចំនួន ១៩កន្លែងនៅក្នុងតំបន់ជប់ភ្លៀងអាម៉ាហ្សូន ដែលផលិតលោហៈដ៏មានតម្លៃនេះ ១,៥លានដុល្លារក្នុង១ខែ ហើយនិងធ្វើឲ្យកខ្វក់ទឹកទន្លេជាមួយនឹងសារធាតុបារត ។
ក្រុមអាជ្ញាធរកូឡុំប៊ី និយាយថា ការផលិតប្រចាំខែនៅក្នុងប្រតិបត្តិការជីករ៉ែខុសច្បាប់នេះ បានមាស ២៣គ.ក ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា ប្រតិបត្តិការទ្វេភាគីគាំទ្រដោយសហរដ្ឋអាមេរិកនេះដែរ មានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមឧក្រិដ្ឋជនឆ្លងដែន Familia del Norte ដែលការជីករ៉ែមាសខុសច្បាប់របស់ពួកគេ បន្សល់ទុកសារធាតុបារតទម្ងន់ ១១៤គ.ក ហើយនិងធ្វើឲ្យកខ្វក់ទឹកទន្លេ ៦៨លានលីត្រ ជារៀងរាល់ខេ ។
សូមបញ្ជាក់ថា ប្រេស៊ីល និងកូឡុំប៊ី គឺជាប្រទេស ២ដែលមានជីវចម្រុះច្រើនជាងគេបំផុតនៅលើពិភពលោក ដោយសារតែផ្ទៃដីរបស់ពួកគេគ្របដណ្តប់ដោយព្រៃជប់ភ្លៀងអាម៉ាហ្សូន ដែលក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា វាចំាបាច់ខ្លាំងណាស់ក្នុងការពន្យឺតបម្រែបម្រួលអាកាសធាតុ ដោយសារតែបរិមាណដ៏ច្រើននៃឧស្ម័នផ្ទះកញ្ចក់ត្រូវបានវាស្រូបយកទៅអស់ ៕