
វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែធ្នូ) នេះ បានចោទប្រកាន់សេតវិមានថា បានលេងសន្លឹកបៀគំរាមកំហែងរុស្ស៊ី ក្នុងគោលបំណងឲ្យសភាអនុម័តផ្ដល់ប្រាក់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ចុងក្រោយ រុស្ស៊ីនឹងវាយប្រហារប្រទេសសមាជិករបស់អង្គការណាតូ ប្រសិនបើខ្លួនមិនទទួលបានជ័យជម្នះ នៅអ៊ុយក្រែនទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Biden ចង់ «បន្តខ្ជះខ្ជាយលុយកាក់របស់អ្នកបង់ពន្ធ នៅក្នុងភ្នក់ភ្លើងសង្រ្គាម»។
ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ បានចោទសេតវិមានថា បានបង្ខូចកេរ្តិ៍ឈ្មោះប្រទេសរុស្ស៊ី ហើយបាននិយាយថា ប្រសិនបើក្រុងវ៉ាស៊ីនតោនបញ្ឈប់ការគាំទ្រដល់ទីក្រុងគីវនោះ បណ្ដាប្រទេសលោកខាងលិចផ្សេងទៀត ក៏នឹងងាកចេញដូចគ្នាដែរ៕