
លំនៅឋាន និងផ្លូវនានាក្នុងកោះម៉ាហេ (Mahe) នៃប្រជុំកោះសីស្ហែល (Seychelles) ត្រូវបានបំផ្លាញ ខណៈដែលផ្ទាំងថ្ម កំទេចកំទី និងផ្ទាំងដីត្រូវបានផ្លាស់ទីដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ (០៧ ធ្នូ) ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្ស ៣នាក់បានស្លាប់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា មនុស្សពីរនាក់ បានស្លាប់នៅពេលដែលផ្ទាំងថ្មដ៏ធំមួយបានសង្កត់លើលំនោឋានរបស់ពួកគេនៅតំបន់ភ្នំ ឡេនីអូឡេ (Le Niole) ហើយអ្នកទីបីស្លាប់ដោយសារធ្លាក់ចូលក្នុងទន្លេដោយចរន្តខ្លាំងនៅតំបន់ ប៊ែល អមប្រេ (Bel Ombre)។
លោកប្រធានាធិបតី វ៉ាវែល រ៉ាមកាឡាវ៉ាន់ (Wavel Ramkalawan) បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានការផ្ទុះនៅផ្នែកផ្សេងទៀតនៃកោះម៉ាហេ នេះនៅហាងលក់គ្រឿងផ្ទុះមួយ ដោយបានបំផ្លាញអគារ និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់ឧស្សាហកម្មមួយ។
ប្រទេសកោះមហាសមុទ្រឥណ្ឌានៅអាហ្រ្វិកខាងកើតមួយនេះគឺជាគោលដៅទេសចរណ៍ដ៏សំខាន់ដែលមានកោះចំនួន ១១៥កោះ និងជាប្រទេសមានប្រជាជនតិចបំផុតនៅក្នុងទ្វីបអាហ្រ្វិក ដែលមានមនុស្សប្រហែល ១០ម៉ឺននាក់ប៉ុណ្ណោះ។
ទឹកជំនន់នៅកន្លែងផ្សេងទៀតក្នុងតំបន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលមកពីបាតុភូតអាកាសធាតុអ៊ែល នីញ៉ូ និងបញ្ហាអាកាសធាតុឌីប៉ូល របស់មហាសមុទ្រឥណ្ឌា ក៏បានបង្ខំមនុស្សរាប់សែននាក់ចាកចេញពីលំនៅឋានរបស់ពួកគេក្នុងប្រទេសកេនយ៉ា សូម៉ាលី អេត្យូពី និងតង់ហ្សានី ចាប់តាំងពីរដូវភ្លៀងចាប់ផ្តើមមក៕