
ទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគរបស់ចិននៅវៀតណាម បានកើនឡើងនៅឆ្នាំនេះ ដោយផ្ទុយនឹងការធ្លាក់ចុះនៃការចំណាយ និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ របស់ពិភពលោកនេះ កំពុងប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាយុទ្ធសាស្ត្រមួយនេះ។
មជ្ឈមណ្ឌលផលិតកម្ម ដែលលាតសន្ធឹងតាមបណ្តោយសមុទ្រចិនខាងត្បូង ដើរតួរនាទីសំខាន់កាន់តែខ្លាំងឡើងៗ ក្នុងការតភ្ជាប់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលជារឿយៗពឹងផ្អែកលើសមាសធាតុរបស់ចិន និងអ្នកប្រើប្រាស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សម្រេចបាននូវការធ្វើឲ្យប្រសើរឡើង ក្នុងទំនាក់ទំនងការទូតជាមួយអតីតគូអរិ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយក្នុងខែកញ្ញា បន្ទាប់ពីមានរយៈពេល ១ឆ្នាំនៃការប្រឹងប្រែងផ្នែកការទូតយ៉ាងខ្លាំងក្លា ដើម្បីលើកសហរដ្ឋអាមេរិកឲ្យឡើងដល់កម្រិតដូចគ្នាជាមួយនឹងប្រទេសចិន នៅក្នុងចំណាត់ថ្នាក់របស់វៀតណាម។ ចំណែកប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើដំណើរទៅវៀតណាម នៅសប្តាហ៍ក្រោយ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ។
យោងតាមស្ថិតិផ្លូវការរបស់វៀតណាមបានឲ្យដឹងថា ការវិនិយោគដែលបានចុះបញ្ជីពីប្រទេសចិន និងក្រុងហុងកុងរួមបញ្ចូលគ្នា បានកើនឡើងដល់ ៨,២ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើងទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលប្រទេសចិនមានការរឹតបន្តឹងទប់ស្កាត់ជំងឺរាតត្បាត ដែលធ្វើឲ្យពួកគេក្លាយជាអ្នកវិនិយោគធំជាងគេបំផុតនៅវៀតណាម។
ផ្ទុយទៅវិញ ការវិនិយោគដែលបានចុះបញ្ជីរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះមកត្រឹម ០,៥ពាន់លានដុល្លារ នៅឆ្នាំនេះ ពោលគឺធ្លាក់ពី ០,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសនេះក្លាយជាអ្នកវិនិយោគធំជាងគេទី១០ បន្ទាប់ពីមជ្ឈមណ្ឌលសមុទ្រប៉ាស៊ីហ្វិកសាម៉ៅ និងហូឡង់៕