
កាលពីថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានយល់ព្រមចូលរួមកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យខ្លាំងជាងមុនលើការវិនិយោគទុន ដើម្បីកាត់បន្ថយហានិភ័យសន្តិសុខជាតិ និងពិភាក្សាលើការរួមបញ្ចូលប្រព័ន្ធទូទាត់ឆ្លងដែន ប៉ុន្តែរដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen និយាយយ៉ាងទទួចថា ចំណាត់ការបែបនេះ ពុំបានជំរុញដោយសារតែក្តីកង្វល់ពីចិននោះឡើយ ។
កិច្ចខិតខំមួយនេះ មានគោលដៅដើម្បីជួយម៉ិកស៊ិកអភិវឌ្ឍគណៈកម្មាធិការត្រួតពិនិត្យ ស្រដៀងគ្នានឹងគណៈកម្មាធិការវិនិយោគទុនបរទេសសហរដ្ឋអាមេរិកគ្រប់គ្រងដោយរតនាគារ ដែលត្រួតពិនិត្យការទិញក្រុមហ៊ុនអាមេរិកដោយអង្គភាពមានម្ចាស់បរទេស ហើយនិងការវិនិយោគចូលផ្សេងទៀត ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Yellen បានផ្តោតសំខាន់លើការធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយលំហូរអាភៀនហ្វេនតានីលមកកាន់សហរដ្ឋអាមេរិក កាត់តាមម៉ិកស៊ិក ជាកន្លែងដែលគេលាយសារធាតុគីមីនាំមកពីចិន ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ិកស៊ិកលោក Ramirez បានស្នើសុំជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងការលំហូរអាវុធពីសហរដ្ឋអាមេរិកចូលទៅក្នុងកណ្តាប់ដៃក្រុមឧក្រិដ្ឋជនម៉ិកស៊ិក ដែលលោកនិយាយថា ពួកគេតែងតែមានអាវុធច្រើនជាងនាយកដ្ឋាននគរបាល និងយោធាម៉ិកស៊ិក ៕