ប្រទេសហ្វីលីពីន និងចិន បានចោទដាក់គ្នាទៅវិញទៅមកកាលពីថ្ងៃអាទិត្យ ១០ ធ្នូ ជុំវិញការប៉ះទង្គិចនាវារវាងប្រទេសទាំង២នៅជិតតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ស្របពេលភាពតានតឹងដែលចេះតែកើនឡើងខ្លាំង លើការអះអាងសិទ្ធិគ្រប់គ្រងផ្លូវទឹកដ៏សំខាន់។

អង្គភាពឆ្មាំសមុទ្រហ្វីលីពីនបានចោទប្រកាន់ប្រទេសចិនថា បានបាញ់កាណុងបាញ់ទឹក និងបើកបំបុកនាវាផ្គត់ផ្គង់ឡើងវិញ និងនាវាឆ្មាំសមុទ្រ បណ្តាលឱ្យខូចខាតម៉ាស៊ីនយ៉ាងធ្ងន់ធ្ងរ ខណៈកងកម្លាំងឆ្មាំសមុទ្ររបស់ចិនបាននិយាយថា នាវាហ្វីលីពីន មានចេតនាបើកបំបុកនាវារបស់ខ្លួន។
ប្រទេសចិនអះអាងសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំមានទំហំជាង ៣ ពាន់ពាន់លានដុល្លារអាមេរិក រួមទាំងផ្នែកដែលអះអាងសិទ្ធិដោយប្រទេសហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ។ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០១៦ បាននិយាយថា ការអះអាងសិទ្ធិរបស់ចិនពុំមានមូលដ្ឋានផ្លូវច្បាប់ទេ។

ទីក្រុងប៉េកាំង និងម៉ានីល បាននិងកំពុងលេងឆ្មាចាប់កណ្ដុរជុំវិញតំបន់ថ្មប៉ប្រះទឹកមានជម្លោះ Second Thomas Shoal ដែលគ្មានមនុស្សរស់នៅ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន នៅពេលដែលហ្វីលីពីនដាក់ពង្រាយបេសកកម្មផ្គត់ផ្គង់ឡើងវិញ សម្រាប់ទាហានហ្វីលីពីន ដែលរស់នៅលើនាវាចម្បាំងដ៏ចំណាស់មួយក្នុងសម័យសង្រ្គាម ដែលបានចតទុកនៅទីនោះក្នុងឆ្នាំ១៩៩៩ ដើម្បីការពារការទាមទារដែនសមុទ្ររបស់ទីក្រុងម៉ានីល។
តំបន់ថ្មប៉ប្រះទឹកគឺជាផ្នែកមួយនៃអ្វីដែលត្រូវគេស្គាល់ជាអន្តរជាតិថាជាកោះស្ព្រាតលី(Spratly)
នៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃអាទិត្យ អង្គភាពឆ្មាំសមុទ្ររបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាហ្វីលីពីនពីរគ្រឿង ដោយមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតបាន ចូលដោយខុសច្បាប់ទៅក្នុងដែនទឹក ដែលនៅជាប់នឹងថ្មប៉ប្រះទឹករិនណៃ(Ren'ai) ក្នុងប្រជុំកោះណានសា (Nansha) ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន៕
