
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃចន្ទនេះថា ព្រិលធ្លាក់ខ្លាំង បានគ្របដណ្តប់លើតំបន់ជាច្រើន នៅប្រទេសចិនភាគខាងជើង បណ្តាលឲ្យមានការបិទសាលារៀន និងរាំងស្ទះដល់ការដឹកជញ្ចូនទ្រង់ទ្រាយធំ។
នៅក្នុងទីក្រុង សេនចូវ(Zhengzhou) រដ្ឋធានីរបស់ខេត្តហេនណាន (Henan) ការិយាល័យអាកាសធាតុទីក្រុង បានចេញការព្រមានព័ណ៌ក្រហមដ៏គ្រោះថ្នាក់ ក្នុងរយៈពេលច្រើនម៉ោងនៅព្រឹកថ្ងៃចន្ទនេះ ដោយព្រមានថា សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះទាបដល់ដក១,១ អង្សាសេ។ ប៉ុន្តែការប្រកាសព្រមាននោះត្រូវបានដកចេញវិញ។
មនុស្សជាច្រើន ត្រូវបានគេមើលឃើញជាប់គាំងដំណើរនៅស្ថានីយ៍រថភ្លើងទីក្រុង Zhengzhou បន្ទាប់ពីការចេញដំណើរនៃរថភ្លើងចំនួន១៩២ខ្សែ ត្រូវបានលុបចោល។
ផ្លូវល្បឿនលឿនជាច្រើនខ្សែ ត្រូវបានបិទ ហើយទីក្រុងនេះក៏បានបិទសាលាមត្តេយ្យ ព្រមទាំងបឋមសិក្សា និងមធ្យមសិក្សា។
ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅក្នុងខេត្ត សាអានស៊ី(Shaanxi) និងខេត្តសានស៊ី(Shanxi) ដែលនៅជិតខាង ព្រិលធ្លាក់ខ្លាំងក៏បានបង្ខំឲ្យមានការបិទច្រកទ្វាបញ្ជរផ្លូវល្បឿនលឿនផងដែរ។