
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចជ្រើសរើស ឯកឧត្តម ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលសេចក្ដីសម្រេច នេះ បានដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភារួចហើយ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
នៅរសៀលថ្ងៃទី១៦ ខែមិថុនា នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋសភា ប្រាប់BTVឱ្យដឹងថា នៅថ្ងៃនេះ លិខិតរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជូនដល់រដ្ឋសភាហើយ។ អគ្គលេខាធិការរដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីកំណត់សម័យប្រជុំពេញអង្គ ដែលអាចនឹងប្រព្រឹត្តនៅសប្តាហ៍ក្រោយនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជន ប្រធាន គ.ជ.ប ឯកឧត្តម ប្រាជ្ញ ចន្ទ។
ឯកឧត្តម ឡេង ប៉េងឡុង បានបន្តថា នៅថ្ងៃនេះដែរ ឯកឧត្តម ប្រាជ្ញ ចន្ទ បានដាក់ពាក្យលាលែងពី តំណែងប្រធានគណៈកម្មការទី១ និងជាសមាជិករដ្ឋសភារផងដែរ។
បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីម្សិលមិញ រដ្ឋសភាបានទទួលយកបេក្ខជន២រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដាក់ជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ជ្រើសរើស ដើម្បីដាក់ជូនសម័យប្រជុំសភាពេញអង្គ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ បេក្ខជនទាំង ០២រូបនោះ រួមមានទី១.ឯកឧត្តម ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងទី២.ឯកឧត្តម ការ លាន។
ក្នុងចំណោមបេក្ខជនទាំងពីរ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាអនុម័តយល់ព្រមជាបេក្ខ ជនឈរឈ្មោះនោះ នឹងត្រូវជ្រើសរើសចុងក្រោយយកម្នាក់ ដើម្បីកាន់តំណែងជាប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានដាក់ពាក្យលាលែងពីតំណែង កាលពី ថ្ងៃទី១ ខែមិថុនា នេះ ដែលការលាលែងពីតំណែងជាប្រធានគ.ជ.ប របស់ឯកឧត្តម ស៊ិក ប៊ុនហ៊ុក ដោយសារមានបញ្ហាជំងឺប្រចាំកាយ ហើយត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា អនុម័តយល់ព្រមតាម សំណើ កាលពីថ្ងៃទី៤ ខែមិថុនានេះដែរ៕ អត្ថបទ៖ សេក ឧត្តម