
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson នៅថ្ងៃចន្ទ (ទី១១ ខែធ្នូ) នេះ បាននិយាយថា ប្រទេស អឺរ៉ុបខាងជើងមួយនេះ បានទាមទារឲ្យអ៊ីរ៉ង់ដោះលែងពីពន្ធនាគារជាបន្ទាន់ ចំពោះជនជាតិស៊ុយអែតលោក Johan Floderus ដែលជាបុគ្គលិកការងាររបស់សហភាពអឺរ៉ុប ឬEU។
លោក Kristersson បានប្រាប់សន្និសីទសារព័ត៌មានថា លោក Floderus ដែលត្រូវបានចាប់ខ្លួន នៅអ៊ីរ៉ង់ក្នុងឆ្នាំ២០២២ ត្រូវបានឃុំខ្លួនដោយគ្មានហេតុផលច្បាស់លាស់។
អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ (ទី១០ ខែធ្នូ) បានប្រាប់ថា ខ្លួនបានចាប់ផ្តើមការកាត់ទោសជនជាតិស៊ុយអែត ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឲ្យអ៊ីស្រាអែល និងប្រព្រឹត្ត «អំពើពុករលួយ» ជាបទឧក្រិដ្ឋកម្មដែលត្រូវទទួលទោសប្រហារជីវិត៕