រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ (១១ ធ្នូ) បាននិយាយថាប្រទេសរបស់លោកមិនមានចេតនាក្នុងការស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នោះទេហើយថាខ្លួនបើកចំហដើម្បីពិភាក្សាជម្រើសអំពីអ្នកដែលនឹងគ្រប់គ្រងទឹកដីនេះ ដរាបណាវាមិនមែនជាក្រុមអរិភាពចំពោះអ៊ីស្រាអែល។

រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន (Yoav Gallant) ក៏បាននិយាយផងដែរថា អ៊ីស្រាអែលបើកចំហរក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់ ក្នុងលក្ខខណ្ឌដែលកិច្ចព្រមព្រៀងណាមួយរួមបញ្ជូលតំបន់សុវត្ថិភាពនៅតាមព្រំដែន និងការធានាត្រឹមត្រូវ។

លោកបានប្រាប់អ្នកយកព័ត៌មានថា «អ៊ីស្រាអែលនឹងចាត់វិធានការណាមួយ ដើម្បីកម្ទេចក្រុមហាម៉ាស ប៉ុន្តែយើងមិនមានចេតនាស្នាក់នៅជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបទេ ហើយអ៊ីស្រាអែលបើកចំហដើម្បីពិភាក្សាអំពីជម្រើសអំពីអ្នកដែលអាចគ្រប់គ្រងតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមបញ្ចប់»។

រយៈពេលជាងពីរខែចាប់តាំងពីការវាយលុករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្លងកាត់ភាគខាងត្បូងអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមជុំថ្មីនេះ និងរយៈពេលជាងមួយខែចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការវាយលុកផ្លូវគោករបស់ខ្លួនមក លោក Gallant បាននិយាយថា វឌ្ឍនភាពដ៏ធ្ងន់ធ្ងរត្រូវបានធ្វើឡើង ជាពិសេសនៅតំបន់ហ្កាហ្សាភាគខាងជើង ដែលគ្រប់យ៉ាងបានឈានដល់ចំណុចទប់ទល់លែងបាន៕