ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រាប់យោធាអាមេរិកកាលពីថ្ងៃច័ន្ទ (១១ ធ្នូ) ថាលោកសង្ឃឹមថាអ៊ុយក្រែននៅតែអាចពឹងផ្អែកលើសហរដ្ឋអាមេរិក និងបានជំរុញឱ្យសភាកុំឲ្យធ្វើរឿងដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន (Vladimir Putin) ចង់បានឲ្យសោះខណៈលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចដ៏សំខាន់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលបានជំនួយផ្នែកសន្តិសុខ។

លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សាកលវិទ្យាល័យការពារជាតិអាមេរិកថា «យើងនឹងមិនបោះបង់ចោលទេ យើងដឹងពីអ្វីដែលត្រូវធ្វើ ហើយអ្នកអាចទុកចិត្តលើអ៊ុយក្រែនបាន។ យើងសង្ឃឹមថា យើងក៏អាចពឹងផ្អែកលើអ្នកបានដូចគ្នា»។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានព្រមានសភាថា ការបរាជ័យក្នុងការមិនបន្តជំនួយយោធាដល់អ៊ុយក្រែន អាចធ្វើឲ្យជ័យជម្នះនៃសង្រ្គាមរយៈពេលជិតពីរឆ្នាំនេះងាកទៅរករុស្ស៊ី ដែលបង្កើតការគំរាមកំហែងសន្តិសុខជាតិសម្រាប់លោកខាងលិច។

លោក Zelenskiy ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនៅសេតវិមាន និងជាមួយសមាជិកសភានៅថ្ងៃអង្គារនេះ ដែលសមាជិកសភាគណបក្សសាធារណរដ្ឋជាច្រើនបានចោទសួរអំពីការបន្តជំនួយដល់អ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនកាលពីដើមឆ្នាំមុន ដោយបង្កឱ្យមានសង្រ្គាមដែលបានសម្លាប់ ឬបង្ករបួសដល់មនុស្សរាប់សែននាក់ និងនាំឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិចក្នុងរយៈពេលប្រាំមួយទសវត្សរ៍មកនេះ៕