
សកម្មជនអាកាសធាតុវ័យក្មេងម្នាក់បានឡើងលើឆាកដើម្បីតវ៉ាក្នុងអំឡុងពេលសម័យប្រជុំអាកាសធាតុ COP28 កាលពីថ្ងៃច័ន្ទ (១១ ធ្នូ) ដោយកាន់បដាដែលសរសេរថា «បញ្ចប់ឥន្ធនៈហ្វូស៊ីល សង្រ្គោះភពផែនដី និងអនាគតរបស់យើង» មុនពេលត្រូវបានសន្តិសុខនាំចេញពីឆាក។
សកម្មជនវ័យ ១២ឆ្នាំមកពីប្រទេសឥណ្ឌាឈ្មោះ លីស៊ីព្រីយ៉ា កានហ្គូចាម (Licypriya Kangujam) ធ្លាប់មានឈ្មោះក្នុងព័ត៌មានកាលពីឆ្នាំមុននៅទីក្រុង សាម អ៊ែលសេក (Sharm el-Sheikh) នៅពេលយុវតីរូបនេះប្រឈមមុខនឹងអតីតរដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក ហ្ស៊ាក ហ្គូលស្មីត (Zac Goldsmith) នៅកិច្ចប្រជុំ COP27 ។
យុវតី កានហ្គូចាម បានចាប់អារម្មណ៍លើបញ្ហាបរិស្ថាន បន្ទាប់ពីបានជួបប្រទះព្យុះស៊ីក្លូនចំនួនពីរនៅក្នុងប្រទេសកំណើតរបស់ខ្លួន និងការរស់នៅក្រោមការបំពុលបរិយាកាសកម្រិតខ្ពស់បន្ទាប់ពីផ្លាស់ទៅទីក្រុងដេលី។
បណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់អាកាសធាតុ បានចាកចេញពីសម័យប្រជុំចរចានៅពេលយប់នៅវេទិកា COP28 កាលពីថ្ងៃច័ន្ទដោយអ្នកខ្លះនិយាយថាការខកខានដាក់បញ្ជូល «ការឈប់ប្រើប្រាស់» ឥន្ធនៈហ្វូស៊ីលនៅក្នុងសេចក្តីព្រាងអត្ថបទមានន័យថានៅតែមានការងារជាច្រើនត្រូវធ្វើបន្តទៀត ខណៈដែលការចរចាបានខិតជិតដល់ដំណាក់កាលចុងក្រោយ។
រដ្ឋមន្ត្រីទាំងនោះបានបន្ថែមថា អត្ថបទព្រាងដែលបានធ្វើបច្ចុប្បន្នភាពនេះទំនងជាមិនត្រូវបានចេញផ្សាយមុនម៉ោងនៅថ្ងៃអង្គារ (១២ ធ្នូ) នេះនោះទេ ដោយសារប្រទេសនានាពិភាក្សាអំពីបញ្ហាផ្សេងទៀតទាក់ទងនឹងការកាត់បន្ថយបំភាយឧស្ម័ន និងការសម្របខ្លួន៕