
សមាជិកសភាបារាំងបានបញ្ជូនសេចក្ដីស្នើច្បាប់អន្តោប្រវេសន៍របស់រដ្ឋាភិបាលត្រឡប់ទៅក្រុមប្រឹក្សាភិបាលវិញ កាលពីថ្ងៃចន្ទ (១១ ធ្នូ) ជាការសម្រេចដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានបញ្ឈប់ការជជែកដេញដោល នៅសភាជាន់ទាប និងបានជះឥទ្ធិពលដល់ការប៉ុនប៉ងរបស់ប្រធានាធិបតី លោក Emmanuel Macron ដើម្បីឲ្យទទួលបានការអនុម័តច្បាប់នេះ ដោយគ្មានសំឡេងភាគច្រើន។
សមាជិកសភាមកពីគណបក្សស្តាំនិយមជ្រុលរបស់លោកស្រី Marine Le Pen (ម៉ារីន ឡឺប៉ង់) ក៏ដូចជាអ្នកអភិរក្សនិយមជាច្រើនរូប បានចូលរួមច្រានចោលសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃដំបូង ក្នុងរដ្ឋសភា ដោយអនុម័តលើញត្តិ ដែលស្នើឡើងដោយគណបក្ស Greens ដែលទទួលបានការអនុម័តតែ ២សំឡេងប៉ុណ្ណោះ។
សមាជិកសភារបស់គណបក្សឆ្វេងនិយម លោកស្រី Elsa Faucillon បាននិយាយថា ក្រុមរបស់លោកស្រីបានច្រានចោលច្បាប់អន្តោប្រវេសន៍ ព្រោះវាផ្អែកលើ «វិធីសាស្រ្តបង្រ្កាប និងតម្រង់ទិសសន្តិសុខ» ខណៈដែលគណបក្សស្តាំនិយមសាធារណរដ្ឋ បានអះអាងថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យច្បាប់ ដែលចេញពីព្រឹទ្ធសភា ត្រូវបានជាន់ឈ្លីដោយគណៈកម្មាធិការច្បាប់។
ឥឡូវនេះ រដ្ឋាភិបាលអាចសម្រេចបញ្ជូនច្បាប់នេះត្រឡប់ទៅសភាជាន់ខ្ពស់វិញ បញ្ជូនទៅគណៈកម្មការចម្រុះនៃសមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រ ដើម្បីស្វែងរកការសម្របសម្រួល ឬទម្លាក់ច្បាប់នេះចោល ដែលទំនងជាមិនអាចទៅរួចនោះទេ។
សេចក្ដីព្រាងច្បាប់អន្តោប្រវេសន៍នេះ គឺជាផែនការដ៏សំខាន់មួយនៃការប៉ុនប៉ងរបស់លោក Macron ដើម្បីបង្ហាញថា លោកអាចមានភាពតឹងរ៉ឹងលើបញ្ហាច្បាប់ និងសណ្តាប់ធ្នាប់ ខណៈពេលដែលទ្វាររបស់ប្រទេសបារាំងត្រូវបើកចំហ សម្រាប់ពលករបរទេស ដែលអាចជួយដល់សេដ្ឋកិច្ចបារាំង៕