
ទីក្រុងនានារបស់ប្រទេសប៊ូស្នីបានឈរនៅលើគេ ក្នុងតារាងបរិយាកាសកខ្វក់របស់ពិភពលោក ចាប់តាំងពីចុងសប្តាហ៍មុន ដោយរដ្ឋធានីសារ៉ាយ៉េវ៉ូ (Sarajevo) បានប្រកាសការព្រមានអំពីគុណភាពខ្យល់ ហើយអ្នកជំនាញបានស្តីបន្ទោសពីការដុតឥន្ធនៈរឹងតាមលំនៅឋាន និងការដឹកជញ្ជូនថា បានធ្វើមានការកើនឡើងនូវការបង្កកង្វក់បរិយាកាសនេះ។
កាលពីថ្ងៃចន្ទ (ទី១១ ខែធ្នូ) ទីក្រុង ដែលស្ថិតនៅក្នុងជ្រលងភ្នំមួយ ត្រូវបានគ្របដណ្តប់ទៅដោយកម្រិតអ័ព្ទដ៏ក្រាស់ដែលបាំងមិនឲ្យមើលឃើញផ្ទៃមេឃ។ លោក Enis Krecinic ដែលជាអ្នកឧតុនិយម និងអ្នកជំនាញបរិស្ថាន បាននិយាយថា ទីក្រុងសារ៉ាយ៉េវ៉ូ ស្ថិតក្នុងហានិភ័យនៃការមានបរិយាកាសកខ្វក់ខ្ពស់ អំឡុងរដូវរងា ដោយសារបម្រែបម្រួលសីតុណ្ហភាព ដែលជាប់ទៅដោយភាគល្អិតតូចៗ នៅកៀកនឹងដី។
អ្នកជំនាញបាននិយាយថា ទោះបីជាមានការសន្យាពីអាជ្ញាធររបស់ទីក្រុងសារ៉ាយ៉េវ៉ូ ក្នុងការធ្វើឲ្យទីក្រុងគ្មានកាបូន នៅឆ្នាំ២០៣៥ ក៏ដោយ ក៏វិបត្តិនៃការចំណាយ សម្រាប់ការរស់នៅប្រចាំថ្ងៃ បានបង្ខំឲ្យប្រជាជនជ្រើសរើសប្រើប្រាស់ឥន្ធនៈរឹង ដោយសារមានតម្លៃថោក សម្រាប់ដុតកម្ដៅលំនៅឋាន និងដើម្បីបើកបររថយន្តចាស់ៗ ដែលមានការបញ្ចេញសារធាតុកខ្វក់ខ្ពស់៕