មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយមីស៊ីលស៊ីបគោលដៅដោយក្រុម ហ៊ូធីនៅយេម៉ែន ទៅលើនាវាដឹកប្រេងពាណិជ្ជរបស់ប្រទេសន័រវ៉េស កំពុងបង្កអស្ថិរភាព និងទាមទារឱ្យមានដំណោះស្រាយអន្តរជាតិ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Patrick Ryder បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា សកម្មភាពដែលយើងបានឃើញធ្វើឡើងដោយកងកម្លាំងហ៊ូធីទាំងនេះ កំពុងបង្កអស្ថិរភាព វាមានគ្រោះថ្នាក់ និងជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ។

លោក Ryder បាននិយាយថា ដូច្នេះ នេះជាបញ្ហាអន្តរជាតិ ដែលទាមទារឲ្យមានដំណោះស្រាយអន្តរជាតិ និងបាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានៅសប្តាហ៍ក្រោយ រួមទាំងទៅកាន់ប្រទេសអ៊ីស្រាអែល កាតា និងប្រទេសបារ៉ែន។
ក្រុមឧទ្ទាមហ៊ូធី ដែលជាសម្ព័ន្ធមិត្តប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានវាយប្រហារនាវាដឹកប្រេង STRINDA ដោយមីស៊ីល ក្នុងការតវ៉ាប្រឆាំងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្កាហ្សា។