មន្ត្រីអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារដោយមីស៊ីលលើកទីពីររបស់រុស្ស៊ីលើទីក្រុងគីវ ក្នុងសប្តាហ៍នេះ បានបណ្តាលមនុស្សយ៉ាងហោចណាស់ ៣៤ នាក់រងរបួស និងបានបំផ្លាញលំនៅឋានច្រើនខ្នងនិងមន្ទីរពេទ្យកុមារមួយកន្លែង ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងវ៉ាស៊ីនតោន បានអង្វរសុំជំនួយបន្ថែមទៀតសម្រាប់ប្រទេសរបស់លោក។

លោក Serhiy Popko ប្រធានរដ្ឋបាលយោធារបស់ទីក្រុងគីវ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែន បានបាញ់ទម្លាក់រាល់មីស៊ីលទាំងអស់ដែលដាក់គោលដៅទៅលើរដ្ឋធានី។

ក្រុមមន្ត្រីបាននិយាយថា ការធ្លាក់កម្ទេចកម្ទី បានបណ្តាលឱ្យរងរបួស និងបានបំផ្លាញសង្កាត់ចំនួន ៣ នៅទីក្រុង Kyiv នៅផ្នែកខាងកើតទន្លេ Dnipro ដែលកាត់ផ្តាច់ការឆ្លងកាត់រដ្ឋធានី។
លោក Popko បាននិយាយថា មនុស្ស ១៥ នាក់ រួមមានកុមារ ៤ នាក់ ត្រូវបានជម្លៀសចេញពីអគារលំនៅឋានមួយកន្លែងនៅក្នុងសង្កាត់ Dniprovskyi បន្ទាប់ពីកម្ទេចកម្ទីបានធ្លាក់លើអគារ និងលើរថយន្តនៅក្បែរនោះ បណ្តាលឱ្យមានអគ្គិភ័យ។
អភិបាលក្រុង លោក Vitali Klitschko បាននិយាយនៅលើបណ្តាញ Telegram ថា បង្អួច និងផ្លូវចូលត្រូវបានរាយពាសពេញដោយកម្ទេចកម្ទីនៅមន្ទីរពេទ្យកុមារមួយកន្លែងក្នុងសង្កាត់ Dniprovskyi ក្នុងទីក្រុង គីវ ប៉ុន្តែផ្អែកលើការវាយតម្លៃដំបូង ពុំមានអ្នករងរបួសនោះទេ ។
លោក Klitschko និយាយថា កម្ទេចកម្ទីក៏បានធ្លាក់លើអគារលំនៅឋានជាច្រើនកន្លែងក្នុងសង្កាត់ Dniprovskyi បណ្តាលឲ្យមនុស្សយ៉ាងតិច ៣៤ នាក់រងរបួស ដោយ ១៥ នាក់ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ រួមមានទាំងកុមារពីរនាក់។ ការផ្គត់ផ្គង់ទឹកនៅសង្កាត់នេះក៏ត្រូវរងការបំផ្លាញផងដែរ។ អាវុធជាក់លាក់ ដែលរុស្ស៊ីប្រើប្រាស់ក្នុងការវាយប្រហារ មិនត្រូវបានគេដឹងភ្លាមៗនោះទេ។