
សមាជិកសភាស្ត្រីថៃម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសនេះ ហើយអាចនឹងបាត់បង់កៅអីសភា ប្រសិនបើលោកស្រីត្រូវបានបដិសេធការសុំនៅក្រៅឃុំ។
លោកស្រី Rukchanok «Ice» Srinork (Ice) ត្រូវបានចោទប្រកាន់ថា បានបង្ហោះសារលើបណ្ដាញសង្គម Twitter រិះគន់របបរាជានិយម តែលោកស្រីបានសារភាពពីភាពគ្មានទោសពៃរ៍។
គណបក្សបោះជំហានទៅមុខ (Move Forward) របស់លោកស្រី Ice ដែលបានឈ្នះការបោះឆ្នោតនៅឆ្នាំនេះ បានជំរុញឲ្យមានកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ។ ហេតុដូចនេះហើយ ទើបព្រឹទ្ធសភា ដែលមិនជាប់ឆ្នោត បានប្រើការស្នើនេះជាហេតុផលចម្បង ដើម្បីរារាំងការប៉ុនប៉ងរបស់គណបក្សបោះជំហានទៅមុខមិនឲ្យបង្កើតរដ្ឋាភិបាល។
ការប្រឆាំងនឹងច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហា ដែលបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០២០ ដែលអូសបន្លាយរយៈពេលជាច្រើនខែ។ យោងតាមមេធាវីថៃ ដើម្បីសិទ្ធិមនុស្ស បានឲ្យដឹងថា មានការដាក់ពាក្យបណ្ដឹងប្រហែល ២៦០ករណី នៅក្រោមច្បាប់ប្រមាថព្រះមហាក្សត្រនេះ ចាប់តាំងពីឆ្នាំ២០២០ មក។ ហើយមនុស្សប្រហែល ២.០០០នាក់ ត្រូវបានកាត់ទោសក្រោមច្បាប់ផ្សេងៗគ្នា ពាក់ព័ន្ធនឹងការចូលរួមរបស់ពួកគេ ក្នុងការតវ៉ា។
នៅថ្ងៃពុធ (ទី១៣ ខែធ្នូ) នេះ លោកស្រី Ice ត្រូវបានរកឃើញថា មានពិរុទ្ធពីបទប្រមាថព្រះមហាក្សត្រដោយតុលាការទីក្រុងបាងកក សម្រាប់ការបង្ហោះសារចំនួន២ ដែលបានធ្វើឡើង នៅមុនពេលលោកស្រីចូលរួមជាមួយគណបក្សបោះជំហានទៅមុខ ដោយការបង្ហោះទី១ លោកស្រីបានរិះគន់ការដោះស្រាយចំពោះជំងឺរាតត្បាតរបស់ប្រទេស ហើយទី២ គឺជាការបង្ហោះសារឡើងវិញនៅលើបណ្ដាញសង្គម Twitter ដែលត្រូវបានគេនិយាយថា ជាការរិះគន់របបរាជានិយម៕