
មន្ត្រីអ៊ុយក្រែន នៅថ្ងៃពុធ (ទី១៣ ខែធ្នូ) នេះ បានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីលលើកទី២ របស់រុស្ស៊ីលើទីក្រុងគីវ ក្នុងសប្តាហ៍នេះ បានធ្វើឲ្យមនុស្សយ៉ាងតិច ៥៣នាក់ រងរបួស ដោយបានបំផ្លាញផ្ទះសម្បែង និងមន្ទីរពេទ្យកុមារមួយ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅឯទីក្រុងវ៉ាស៊ីនតោន បានស្នើសុំជំនួយគាំទ្របន្ថែមទៀតដល់ប្រទេសរបស់លោក។
បង្អួចនៃប្លុកអាគារលំនៅឋាន បានប៉ើងខ្ចាត់ខ្ចាយ ហើយបង្កការភ័យខ្លាចដល់អ្នកស្រុក ដែលរត់ចេញទៅឈរនៅតាមផ្លូវ ដើម្បីវាយតម្លៃការខូចខាត។ អំបែងរបស់មីស៊ីល បានបំផ្ទុះកើតជារណ្ដៅដ៏ធំមួយ និងបំផ្លាញចំណតរថយន្ត។ តាមរយៈកម្មវិធីផ្ញើសារ Telegram កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលបាលីស្ទិកទាំង ១០គ្រាប់ ដែលបាញ់សំដៅទៅកាន់រដ្ឋធានី នៅវេលាម៉ោងប្រហែល ៣ទៀបភ្លឺ (ត្រូវនឹងម៉ោង ១:០០ម៉ោងសកល)។
ក្រុមមន្ត្រីបានប្រាប់ថា ការធ្លាក់អំបែងបានបណ្តាលឲ្យមានអ្នករងរបួស និងការបំផ្លិចបំផ្លាញនៅក្នុងតំបន់ចំនួន៤ របស់ទីក្រុងគីវ តាមបណ្តោយដងទន្លេ Dnipro ដែលហូរកាត់រដ្ឋធានី។ យោងតាមរដ្ឋបាលយោធារបស់ទីក្រុងបានឲ្យដឹងថា អគារចំនួន ៣៥ខ្នង បានរងការខូចខាត។
នគរបាលជាតិរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា មនុស្សចំនួន ៥៣នាក់ ក្នុងនោះរួមទាំងកុមារ ៦នាក់ផង បានរងរបួសដោយសារការវាយប្រហារនេះ។ ជាមួយគ្នានេះ នៅលើបណ្ដាញសង្គមរបស់ខ្លួន នគរបាលបានឲ្យដឹងថា មនុស្ស ១៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕