ពលរដ្ឋអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធ (១៣ ធ្នូ) ថាកងទ័ពមិនគួររាថយពីការវាយលុកដោយឥតឈប់ឈររបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាសនោះទេ បើទោះបីជាមានការអំពាវនាវឲ្យមានបទឈប់បាញ់របស់មហាសន្និបាតអង្គការសហប្រជាជាតិ បញ្ជីឈ្មោះទាហានស្លាប់ដ៏ច្រើន និងចំនួនអ្នកស្លាប់ប៉ាឡេស្ទីនដែលកំពុងកើនឡើងយ៉ាងលើសលប់នៅក្នុងតំបន់ហ្កាហ្សាក៏ដោយ។

យោធាអ៊ីស្រាអែលបានទទួលរងពេលវលាដ៏បង្ហូរឈាមបំផុតមួយក្នុងសង្គ្រាមរយៈពេលពីរខែនៅហ្កាហ្សា កាលពីថ្ងៃអង្គារ ដោយវរសេនីយ៍ឯកម្នាក់ក្នុងចំណោមទាហាន ១០នាក់ត្រូវបានសម្លាប់ ដែលនាំឱ្យចំនួនអ្នកស្លាប់នៃទាហានអ៊ីស្រាអែលកើនឡើងដល់ ១១៥នាក់ ដោយរតែទ្វេដងនៃចំនួនដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅតំបន់ឆ្នេរហ៊ុមព័ទ្ធនេះកាលពីប្រាំបួនឆ្នាំមុន។
ដោយតំបន់ហ្កាហ្សាភាគច្រើនត្រូវបានខ្ទេចខ្ទី ស្ថានភាពកាន់តែធ្ងន់ធ្ងរ ហើយប្រជាជនប៉ាឡេស្ទីនជាង ១៨.៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុកតាមផ្លូវអាកាស និងជើងគោករបស់កងទ័ពអ៊ីស្រាអែល ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយថា ការទម្លាក់គ្រាប់បែក «មិនរើសមុខ» លើជនស៊ីវិលហ្កាហ្សា កំពុងធ្វើឱ្យការគាំទ្រពីអន្តរជាតិរបស់អ៊ីស្រាអែល ធ្លាក់ចុះយ៉ាងខ្លាំង។

ការស្ទង់មតិក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅអ៊ីស្រាអែលបង្ហាញពីការគាំទ្រដ៏លើសលប់សម្រាប់សង្រ្គាម បើទោះបីជាអ្នកស្លាប់កើនឡើងខ្លាំងក៏ដោយ។
ជនជាតិអ៊ីស្រាអែលប្រាំមួយនាក់ដែលបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធបានប្រាប់ថា ឥឡូវនេះមិនមែនជាពេលវេលាក្នុងការរាថយនោះទេ ដោយមិនគិតពីការអាណិតអាសូរជាសកលលើហ្កាហ្សាដែលឆ្លុះបញ្ចាំងនៅក្នុងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារឡើយ៕