ភ្នំពេញ ៖ ក្រសួងស្ថាប័ន រួមទាំងវត្តមានរបស់អង្គការសង្គមស៊ីវិល បានរៀបចំសិក្ខាសាលានៅថ្ងៃនេះ ដើម្បីប្រមូលនូវធាតុចូលបន្ថែមលើសេចក្ដីព្រាងផែនការសកម្មភាព នៃគោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩។ ជាក់ស្ដែងសម្រាប់ការប្រមូលធាតុចូលនាពេលនេះ គឺផ្តោតលើផែនការធំៗចំនួន ៣។
សម្រាប់សិក្ខាសាលានេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងមានមន្ត្រីជំនាញមកពីក្រសួងស្ថាប័ន ពាក់ព័ន្ធ រួមទាំងវត្តមានរបស់អង្គការសង្គមស៊ីវិលផងដែរ។ ជាគោលដៅនៃការជួបជុំគ្នានាពេលនេះ គឺដើម្បីប្រមូលនូវធាតុចូលបន្ថែម លើសេចក្ដីព្រាងផែនការសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពី ប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ លើ៣ចំណុចធំៗ រួមមាន ផែនការសកម្មភាព ២០២១-២០២៩ ផែនការអភិវឌ្ឍធនធានមនុស្ស និងថវិកា និងផែនការត្រួតពិនិត្យ និងវាយតម្លៃ។ នេះជាការលើកឡើងរបស់លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។
លោកជំទាវ បញ្ជាក់បន្ថែមថា គោលនយោបាយស្ដីពីកិច្ចការពារកុមារនេះ គឺជាត្រីវិស័យចង្អុលបង្ហាញ ដល់ផ្នែកពាក់ព័ន្ធឱ្យបំពេញការងារ ជាលក្ខណៈប្រព័ន្ធ ប្រទាក់ក្រឡា ដោយធ្វើយ៉ាងណាឱ្យកុមារជាអ្នកទទួលផល និងក្រុមគ្រួសារទទួលបានអត្ថប្រយោជន៍ដោយមានប្រសិទ្ធភាព។ លោកជំទាវ បន្តថា សព្វថ្ងៃទោះបីមានកិច្ចប្រឹងប្រែងពីរាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធជាច្រើនក្ដី ក៏កុមារកម្ពុជានៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួន រួមមាន កត្តាគ្រោះមហន្តរាយ ការរីករាលដាលនៃជំងឺកូវីដ-១៩ ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ ការធ្វើចំណាកស្រុក ការទុកកូនចោល ការជាប់ពន្ធនាគាររបស់អាណាព្យាបាល។
លោកជំទាវ បានលើកឡើងដែរថា កម្ពុជាជាប្រទេសដែលមនុស្សស្ថិតនៅវ័យក្មេងច្រើន ដែលពួកគេនឹងក្លាយជាធនធានមនុស្សជំរុញសេដ្ឋកិច្ចជាតិនាពេលខាងមុខ។ ការវិនិយោគលើកុមារ នៅថ្ងៃនេះ នឹងបង្កើតនូវធនធានមនុស្សដែលមានជំនាញ និងប្រកបដោយសក្ដានុពលនាពេលអនាគត ហើយការវិនិយោគនេះ គឺត្រូវការពេលវេលា ដើម្បីមើលឃើញជាលទ្ធផល ដែលខុសពីការវិនិយោគលើផ្នែកផ្សេងទៀត៕
អត្ថបទ៖គឹមហុក