
លោក Donald Trump ដែលជាបេក្ខជននាំមុខគេ សម្រាប់ការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធ (ទី១៣ ខែធ្នូ) បាននិយាយថា ប្រសិនបើជាប់ឆ្នោត លោកនឹងលុបចោលការសន្យាក្នុងការផ្ដល់នូវទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារអាមេរិកដល់មូលនិធិសកល ដែលមានបំណងជួយប្រទេសកំពុងអភិវឌ្ឍន៍កាត់បន្ថយការបំភាយឧស្ម័ន និងសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ។
ការសន្យានេះត្រូវបានប្រកាសដោយអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ក្នុងខែនេះ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម អំឡុងពេលចូលកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ទោះបីជាការសន្យានោះ ត្រូវពឹងផ្អែកលើការបែកបាក់ផ្នែកនយោបាយក្នុងសភាអាមេរិក ដែលត្រូវតែផ្តល់ការអនុម័តការបញ្ចេញមូលនិធិក៏ដោយ។
លោក Trump ដែលបានវាយប្រហាររដ្ឋបាលនៃការវិនិយោគរបស់ប្រធានាធិបតីលោក Joe Biden លើថាមពលកកើតឡើងវិញ ដែលជាផ្នែកដ៏សំខាន់នៃសារយុទ្ធនាការរបស់លោក បាននិយាយថា លោកត្រូវតែជំទាស់នឹងអ្វី ដែលលោកហៅថា «សំណងអាកាសធាតុ» ដល់ប្រទេសផ្សេងទៀត។
ជំនួយការយុទ្ធនាការ បានបញ្ជាក់ថា ការនិយាយរបស់លោក Trump កំពុងសំដៅលើការសន្យាផ្ដល់ទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារ ដល់មូលនិធិអាកាសធាតុបៃតង (អាកាសធាតុស្អាត)។ លោក Trump បានលើកឡើងបែបនេះនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការ នៅទីក្រុង Coralville រដ្ឋ Iowa ដោយបន្ថែមថាលោកនឹងប្រឹងប្រែង «យកត្រឡប់មកវិញ» រាល់ការទូទាត់ ដែលធ្វើឡើងដោយរដ្ឋបាលរបស់លោក Biden៕