
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) បានជំរុញឲ្យរដ្ឋាភិបាលនានាអនុវត្តចំពោះបារីអេឡិចត្រូនិក ស្រដៀងទៅនឹងថ្នាំជក់ និងហាមឃាត់គ្រប់ប្រភេទទាំងអស់ ដោយនេះគំរាមកំហែងដល់ហ៊ុនរបស់ក្រុមហ៊ុនបារី ជុំវិញការជ្រើសរើសជក់ជម្រើសផ្សេង។
អ្នកស្រាវជ្រាវ អ្នកធ្វើយុទ្ធនាការ និងរដ្ឋាភិបាលមួយចំនួន មើលឃើញថា បារីអេឡិចត្រូនិក ឬវ៉េប ជាឧបករណ៍ដ៏សំខាន់ ក្នុងការកាត់បន្ថយការស្លាប់ និងការមានជំងឺ ដែលបណ្តាលមកពីការជក់បារី។ ប៉ុន្តែទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានលើកឡើងថា «វិធានការបន្ទាន់» គឺត្រូវការជាចាំបាច់ ដើម្បីគ្រប់គ្រងការជក់ឧបករណ៍នេះ។
ដោយយោងតាមការសិក្សានានា ទីភ្នាក់ងាររបស់ UN បានឲ្យដឹងថា មានភ័ស្តុតាងមិនទាន់គ្រប់គ្រាន់នោះទេ ដែលថា វ៉េបបានជួយឲ្យអ្នកជក់បោះបង់បារី ដែលថា បារីអេឡិចត្រូនិកនេះមានគ្រោះថ្នាក់ដល់សុខភាព និងដែលថា បារីប្រភេទនេះអាចជំរុញឲ្យមានការញៀនជាតិនីកូទីន ក្នុងចំណោមអ្នកមិនចេះជក់បារី ជាពិសេសកុមារ និងមនុស្សវ័យជំទង់។
ទីភ្នាក់ងារបានបន្តថា ក្មេងអាយុពី ១៣ ទៅ ១៥ឆ្នាំ កាន់តែច្រើនឡើងៗកំពុងប្រើប្រាស់វ៉េប ជាងមនុស្សពេញវ័យ នៅក្នុងគ្រប់តំបន់ទាំងអស់របស់ WHO ដែលត្រូវបានជំរុញដោយទីផ្សារដ៏រឹងមាំ។
WHO បានអំពាវនាវឲ្យមានការកែប្រែ ក្នុងនោះរួមទាំងការហាមប្រាមលើសារធាតុគ្រប់ប្រភេទទាំងអស់ ដូចជាសារធាតុម៉ង់តុល និងការអនុវត្តនូវវិធានការគ្រប់គ្រងដូចថ្នាំជក់ ចំពោះវ៉េប។ វិធានការទាំងនោះ រួមមានទាំងការយកពន្ធខ្ពស់ និងការហាមប្រើប្រាស់ នៅកន្លែងសាធារណៈ៕