អង្គការសហប្រជាជាតិបានព្រមានថា ក្រុមគ្រួសារនៅក្នុងតំបន់ជម្លោះរបស់ប្រទេសស៊ូដង់ អាចជួបប្រទះនឹងភាពអត់ឃ្លានដូចទុរ្ភិក្សនៅរដូវក្តៅឆ្នាំក្រោយនេះ ខណៈមនុស្សមួយចំនួននៅក្នុងរដ្ឋធានី ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមនេះ កំពុងរស់រានមានជីវិតដោយអាហារប្រចាំថ្ងៃតិចតួចបំផុត។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនប្រហែល ៣០លាននាក់ ដែលស្ទើរតែពីរភាគបីនៃចំនួនប្រជាជនសរុប កំពុងត្រូវការជំនួយនៅក្នុងប្រទេសស៊ូដង់ ដែលកើនឡើងទ្វេដងមុនពេលការប្រយុទ្ធបានផ្ទុះឡើងរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF) នៅពាក់កណ្តាលខែមេសា។

យោងតាមចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) របស់អង្គការសហប្រជាជាតិ មនុស្សប្រហែល ១៨លាននាក់ ត្រូវការជាបន្ទាន់នូវជំនួយស្បៀងអាហារមនុស្សធម៌ ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់រដូវប្រមូលផលដ៏ច្រើនរបស់ប្រទេសនេះ។

មនុស្សរងគ្រោះទាំងនោះត្រូវបានប្រមូលផ្តុំនៅក្នុងរដ្ឋធានីខាទុម (Khartoum) ជាទីដែលប្រជាជនជាងពាក់កណ្តាលនៅទីនោះប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ព្រមទាំងនៅទីក្រុង និងទីប្រជុំជននានាដែលពោរពេញដោយមនុស្សយ៉ាងក្រាស់ និងបានឃើញការប្រយុទ្ធគ្នានៅក្នុងតំបន់ ដាហ្វឺ (Darfur) និងតំបន់ កូរដូហ្វាន (Kordofan)។
យោងតាមទីភ្នាក់ងារចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀង IPC បានឲ្យដឹងថា ប្រសិនបើលក្ខខណ្ឌមិនប្រសើរឡើងនៅខែឧសភា ឆ្នាំក្រោយនេះទេ ប្រជាជនស៊ូដង់នឹងចាប់ផ្តើមជួបប្រទះនឹងភាពអត់ឃ្លាន «ដ៏មហន្តរាយ» មានន័យថាពួកគេនឹងអត់ឃ្លានរហូតដល់ស្លាប់ដោយមិនមានជំនួយ អស់ទ្រព្យសម្បត្តិសម្រាប់ចាយវាយ និងអស់ជម្រើសជាដើម៕