កំពង់ឆ្នាំង៖ ដើម្បីឆ្លើយតបនឹងកង្វល់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ទាក់ទងនឹងផ្លូវថ្នល់ដែលរងការខូចខាតនារដូវវស្សាឆ្នាំ២០២៣នេះ លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំងសារជាថ្មីថា អាជ្ញាធរក្រុង និងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមសាងសង់ និងជួសជុលប្រព័ន្ធផ្លូវក្នុងក្រុងកំពង់ឆ្នាំងចំនួន៥ខ្សែហើយ និងបន្តជួសជុលផ្លូវដែលរងការខូចខាតទាំងអស់ មិនអោយបងប្អូនខកបំណងឡើ្យ។ លោក ហ៊ីង ភ័ព្វមីនា បានបន្តថា៖ ដោយសាររដូវវស្សាមានភ្លៀងធ្លាក់ច្រើន ផ្លូវចាស់ៗមួយចំនួនបានរងការខូចខាត ម្យ៉ាងទៀតដោយសារអាជ្ញាធរខេត្តកំពង់ឆ្នាំងបានអនុញាតិអោយធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អែឌីប៊ី កសាងប្រព័ន្ធចម្រោះទឹកកខ្វក់ចេញពីក្រុងកំពង់ឆ្នាំងផងនោះ នាំអោយផ្លូវជាច្រើនខ្សែក្នុងក្រុងកំពង់ឆ្នាំង ពានរងការខូចខាតជាច្រើន និងមិនបានជួសជុលទាន់ពេលវេលាទេ ព្រោះមានភ្លៀងធ្លាក់ច្រើនពេក។ នៅដើមខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយពីមិនមានភ្លៀងធ្លាក់ អាជ្ញាធរខេត្ត ក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមជួសជុលកសាងផ្លូវទាំងអស់នោះអោយប្រសើរឡើងវិញ ដោយក្នុងនោះយើងបានចាប់ផ្តើមកសាងផ្លូវចំនួន៥ខ្សែហើយដែរ។ បន្ទាប់ពីកសាងផ្លូវទាំង៥ខ្សែនេះហើយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយក្រុមការងារបន្តជួសជុលផ្លូវដែលរងការខូចខាតបន្ថែមទៀត ដើម្បីអោយប្រជាពលរដ្ឋ សិស្សានុសិស្ស អាជីវករ មន្ត្រីរាជការបានធ្វើដំណើរទៅមកបានងាយស្រួល។
សូមរំលឹកថា នៅដើមឆ្នាំ២០២៣ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងកំពង់ឆ្នាំង បានសុំប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ជីកផ្លូវកៅស៊ូមួយចំនួនបំពាក់ប្រព័ន្ធចម្រោះទឹកកខ្វក់ដែលហូរចេញពីក្រុងកំពង់ឆ្នាំង និងផ្លូវចាស់ៗមួយចំនួនទៀត បានរងការខូចខាតដោយសារតែរដូវភ្លៀងធ្លាក់។ កត្តាទាំងនេះហើយនាំអោយផ្លូវក្នុងក្រុងកំពង់ឆ្នាងរងការខូចខាត ហើយបានជួសជុលកសាងវិញនៅក្នុងដើមខែធ្នូ ឆ្នាំ២០២៣នេះ។ ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង ក៏មានការសប្បាយចិត្ត ខណៈឃើញផ្លូវបានជួសជុលឡើងវិញ ៕ ដោយ ៖ កាំង ហុងវាស្នា










