សភាជាន់ខ្ពស់របស់ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) បានរារាំងគំនិតផ្តួចផ្តើមដើម្បីបញ្ចប់ការផ្តល់មូលនិធិមួយដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីក្រុមផ្តល់ជំនួយបានសម្តែងការខឹងសម្បារ។

ក្រុមប្រឹក្សាជាតិរបស់ប្រទេសស្វីស ដែលជាសភាជាន់ទាបនៃសភាសហព័ន្ធបានអនុម័តលើការលុបចោលវិភាគទានប្រចាំឆ្នាំចំនួន ២០លានហ្វ្រង់ស្វ៊ីស ពោលគឺស្មើនឹង ២៣លានដុល្លារអាមេរិក ដល់ទីភ្នាក់ងារនេះ ដោយការគាំទ្រ ១១៦សំឡេងទល់នឹង ៧៨សំឡេងកាលពីថ្ងៃច័ន្ទ។

កាលពីថ្ងៃព្រហស្បតិ៍ សភាជាន់ខ្ពស់បានជ្រើសរើសមិនលុបចោលការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះដោយការគាំទ្រ ២៣សំឡេងទល់នឹង២១សំឡេង ជាការសម្រេចដែលត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA លោក ហ្វីលីប ឡាសហ្សារីនី (Philippe Lazzarini) ។ សភាទាំងពីរ ត្រូវអនុម័តលើគំនិតផ្តួចផ្តើមនេះដើម្បីឱ្យវាដំណើរការទៅមុខបាន។

លោក ឡាសហ្សារីនី ដែលមានការខកចិត្តចំពោះគំនិតផ្តួចផ្តើមនេះបាននិយាយថា ការកាត់ផ្ដាច់មូលនិធិធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ទីភ្នាក់ងារ UNRWA ក្នុងការផ្តល់ជំនួយដល់ប្រជាជនហ្កាហ្សា។ លោកធ្លាប់បានរិះគន់នូវអ្វីដែលលោកហៅថាជាការប៉ុនប៉ងដោយចេតនាដើម្បីដាក់សម្ពាធលើប្រតិបត្តិការរបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន។
ការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍របស់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាមកាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស បានធ្វើឱ្យប្រជាជនចំនួន ៨៥% នៃតំបន់ហ្កាហ្សា ត្រូវផ្លាស់ទីលំនៅពីខាងក្នុង។ បុគ្គលិកទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន ជាង ១៣០នាក់ ក៏ត្រូវបានសម្លាប់ផងដែរចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះមក៕