សៀមរាប៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីសម្តែងសិល្បៈទស្សនីយភាពក្នុងព្រឹត្តិការណ៍ «រាត្រីចង់ចាំ» លើកទី៤ ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបគម្រប់ ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងដើម្បីរួមចំណែកជំរុញនៃវិស័យទេសចរណ៍តំបន់សៀមរាប-អង្គរ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញគឺទស្សនាសៀមរាបឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅក្រោម អធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបនិងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សិល្បករ សិល្បការិនី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ក្នុងនាមក្រុមប្រឹក្សា និងអភិបាលនៃគណ:អភិបាលខេត្ត លោកជំទាវអភិបាលរង បានមានប្រសាសន៍ថា៖ការរៀបចំព្រឹត្តិការណ៍ រាត្រីចងចាំលើកទី៤ នៅលើទឹកដីអង្គរនេះថាជាចលករ បំផុសឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិបានយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក៏ដូចជារួមចំណែកផ្សព្វផ្សាយ អំពីបរិស្ថានបៃតង ថែរក្សាការពារ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ដោយផ្សារភ្ជាប់ទៅនឹងសក្តានុពល វិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយនោះ ក៏នឹងធ្វើឱ្យសាធារណជន ក៏ដូចជាភ្ញៀវបរទេសបានស្គាល់ និងយល់កាន់តែច្បាស់ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា៖ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្ប: ជាសេនាធិការ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សការពារ និងលើកតម្លៃវប្បធម៌ អរិយធម៌ជាតិ នឹងបាននាំយកសម្បត្តិបេតិកភណ្ឌទាំងរូបីនិងអរូបី ទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលនេះជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូលផងដែរ។ លោកជំទាវ បានមានប្រសាសន៍បន្ថែមថា៖ អង្គរក៏ដូចជាប្រាង្គប្រាសាទនានាក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាញើសឈាមរបស់បុព្វបុរសដូនតាយើង។ ជាក់ស្តែងប្រាសាទអង្គរវត្តគឺជាអត្តសញ្ញាណ ជាព្រលឹង និងជាកិត្យានុភាពរបស់ជាតិខ្មែរ នឹងបានជួយលើកស្ទួយសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារជាច្រើន ដូចនេះកូនខ្មែរគ្រប់ជំនាន់មានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថា ការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជានិងទូទាំងសកលលោក។ លោកជំទាវរដ្ឋមន្ត្រីចាត់ទុកការជួបជុំក្នុងកម្មវិធីរាត្រីចងចាំនេះទៅបានអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាព ដែលសន្តិភាពនេះបានមកពីការលះបង់យ៉ាងប្តូរផ្តាច់របស់សម្តេចតេជោសែន តាមរយៈគោលនយោបាយឈ្នះ ឈ្នះ និងការចូលរួមពីឥស្សរជនស្នេហាជាតិ និងបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ហេតុនេះយើងត្រូវរក្សាសន្តិភាពដែលរកបានមកដោយលំបាកនេះកុំឱ្យបាត់បង់ ទោះក្នុងករណីណាក៍ដោយ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ព្រឹត្តិការណ៍នេះ គឺបង្ហាញពីមោទកភាពជាតិ មហាអំណាចនៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ ក៏ដូចជាដើម្បីផ្សព្វផ្សាយបន្ថែមនូវសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ។ ចំណែកឯគោលដៅសំខាន់មួយទៀត គឺដើម្បីរំលឹក និងដាស់តឿនប្រជាពលរដ្ឋកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគតឱ្យចងចាំ និងប្តេជ្ញាចិត្តត្រូវថែរក្សាការពារវប្បធម៌ និងអរិយធម៌ជាតិ ជាពិសេស ប្រាង្គប្រាសាទ និងបុរាណដ្ឋានទាំងអស់ ដើម្បីជាការតបស្នងសងគុណដល់បុព្វការីជនគ្រប់ជំនាន់ ទាំងជាតិ និងអន្តរជាតិ ដែលបានខិតខំកសាង លះបង់កាយចិត្ត ស្មារតី ក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗទៀត ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃមហាសាលរបស់យើងទាំងអស់គ្នា៕