
ទីភ្នាក់ងារសារព័ត៌មាន WAFA ផ្លូវការបានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីន ជាពិសេសនៅតំបន់ហ្កាហ្សា ត្រូវតែបញ្ឈប់។
ទីភ្នាក់ WAFA បាននិយាយថា លោក Abbas បានប្រាប់លោក Sullivan ក្នុងអំឡុងពេលជំនួបនៅទីក្រុង Ramallah ថាសហរដ្ឋអាមេរិក ត្រូវតែធ្វើអន្តរាគមន៍ដើម្បីបង្ខំអ៊ីស្រាអែលឱ្យបញ្ឈប់ការឈ្លានពានរបស់ខ្លួនមកលើប្រជាជនរបស់យើងនៅតំបន់ West Bank រួមទាំងនៅទីក្រុងហ្សេរុយសាឡឹម។
វីដេអូនៃជំនួបនោះ ត្រូវបានទូរទស្សន៍ប៉ាឡេស្ទីនចេញផ្សាយដោយគ្មានសំឡេង។ លោក Sullivan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញឱ្យអ៊ីស្រាអែលផ្តោតសំខាន់ទៅលើសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងការកំណត់គោលដៅជាក់លាក់លើមេដឹកនាំក្រុមហាម៉ាស ជាជាងការទម្លាក់គ្រាប់បែក និងធ្វើប្រតិបត្តិការលើដីគោករីករាលដាល។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលបានទប់ទល់នឹងការកើនឡើងសម្ពាធជាសាកល ដើម្បីគ្រប់គ្រងការវាយលុកនៅតំបន់ហ្កាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ១៩.០០០នាក់ ចាប់តាំងពីការវាយសម្រុកចូលរបស់ពួកហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។