
ឧត្តមសេនីយ៍ឯកលោក Sergei Karakayev ដែលជាមេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី (SMF) កាលពីថ្ងៃសុក្រ (ទី១៥ ខែធ្នូ) បាននិយាយថា ប្រទេសរុស្ស៊ីគ្រោងនឹងធ្វើការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ឬមីស៊ីលបាលីស្ទិក (ICBM) ចំនួន ៧គ្រាប់ នៅឆ្នាំ២០២៤។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Red Star លោក Karakayev បាននិយាយថា ក្នុងរយៈពេល ៥ឆ្នាំមកនេះ SMF បានធ្វើការបាញ់បង្ហោះ ICBM ច្រើនជាង ២០គ្រាប់ ដែលជាផ្នែកមួយនៃការធ្វើតេស្តការហោះហើរនៃប្រព័ន្ធមីស៊ីលថ្មី និងលំហាត់សម សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
គាត់បាននិយាយថា មីស៊ីល «Avangard» ដែលមានក្បាលគ្រាប់លឿនជាងសំឡេង ដែលត្រូវបានដាក់ឲ្យបំពេញកាតព្វកិច្ចប្រយុទ្ធ ត្រូវបានសាកល្បងពីកន្លែង Yasny នៅក្នុងតំបន់ Orenburg ដោយប្រើហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់មួយចំនួននៃតំបន់ទីតាំងនេះ។ លោកបានបន្ថែមថា «ការបាញ់បង្ហោះចំនួន ៧គ្រាប់ ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ២០២៤»។
លោក Karakayev បាននិយាយថា រុស្ស៊ី និងសហរដ្ឋអាមេរិក បន្តផ្លាស់ប្តូរព័ត៌មានស្តីពីផែនការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹក (SLBMs)។ លោកបាននិយាយថា៖ «សហព័ន្ធរុស្ស៊ីជូនដំណឹងដល់ភាគីអាមេរិកអំពីការបាញ់បង្ហោះ ICBM និង SLBM ដែលមិនតិចជាងមុន ១ថ្ងៃនោះឡើយ។ សហរដ្ឋអាមេរិកក៏ផ្តល់ព័ត៌មានស្រដៀងគ្នានេះដែរ»។
លោកបានបន្ថែមថា រុស្ស៊ីជូនដំណឹងដល់សហរដ្ឋអាមេរិកនូវរាល់ការបាញ់មីស៊ីលជាមុនមិនតិចជាង ២៤ម៉ោងនោះឡើយ ដែលស្របតាមកិច្ចព្រមព្រៀង រវាងអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ១៩៨៨ និងសន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធវាយលុកជាយុទ្ធសាស្ត្រ៕