
ពោធិ៍សាត់៖ នេះជាលើកទីមួយហើយដែល ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំអោយមានការប្រកួតកីឡា ដណ្ដើមពានរង្វាន់ប្រាក់លាន ឯកឧត្តម កែវ រតនៈ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ក្នុងស្រុកបាកាន ដើម្បីអបអរសាទរ ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-២០២៤ ។ ព្រឹត្តិការណ៍កីឡានេះដឹកនាំរៀបចំដោយ ឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការងារចុះជួយស្រុកបាកាន និងឯកឧត្តម ជៀប សួរ រួមនិងក្រុមការងារ ក្រោមការឧបត្ថម្ភ ដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន រួមនិងសសប្បុរសជននានា ។ ដោយមានកីឡាករបាល់ទាត់ បាល់ទះ ស្ម័គ្រចិត្តចូលរួមសរុបជិត១០០០នាក់ ដោយបែកចែកជា៣៩ក្រុម ក្នុងនោះ ៣៤ក្រុមជាក្រុមយុវជន និងមហាជន ចំណែក៥ក្រុមទៀតជាក្រុមកិត្តិយស ។

ក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍កីឡានេះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកឡើងថា យើងជួបជុំគ្នារៀបចំកម្មវិធីនេះឡើងគឺក្នុងគោលបំណង សម្តែងការដឹងគុណ និងអបអរសាទរដល់ថ្ងៃជ័យជម្នះ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើង បើគ្មានថ្ងៃ៧មករា ១៩៧៩ យើងក៏គ្មានថ្ងៃនេះដែរ ។ ហើយក្រៅពីផ្តល់ប្រយោជន៍ដល់សុខភាព កីឡាបាននាំមកនូវសាមគ្គីភាព និងមិត្តភាព ជាពិសេសធ្វើអោយយើងជៀសផុតពីអំពើរអបាយមុខផ្សេងៗដូចជាគ្រឿងញៀន និងល្បែងស៊ីសងជាដើម ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡានេះ រួមមានវិញ្ញាសារបាល់ទាត់មានផ្នែកបុរស- ផ្នែកនារី និងផ្នែកគូរកិត្តិយស ដែលត្រូវប្រកួតតាមទីលានចំនួន៥ទីតាំង ចំណែកវិញ្ញាសាបាល់ទះមានផ្នែកបុរស និងផ្នែកនារី ដោយធ្វើការប្រកួតចំនួន៣ទីតាំងផ្សេងគ្នា ចំពោះការប្រកួត គឺជារៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៕ អត្ថបទ ៖ ភិរុណ










