មន្ត្រីសេតវិមាន ព្រួយបារម្ភថា លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) នឹងមិនអាចគ្រប់គ្រងដឹកនាំតំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាមបានទេ ទោះបីជាលោក ចូ បៃដិន នៅតែបន្តគាំទ្រអាជ្ញាធរប៉ាឡេស្ទីន (PA) ឲ្យគ្រប់គ្រងឡើងវិញក្តី។

ប្រភពដែលដឹងពីការពិភាក្សានេះ បានប្រាប់សារព័ត៌មាន The Sunday Telegraphថា បញ្ហានេះ បានគ្របដណ្ដប់លើការពិភាក្សារយៈពេល ២៤ម៉ោង នៅក្នុងសេតវិមាន ជាកន្លែងដែលមន្ត្រីជាន់ខ្ពស់ បានចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីធ្វើសេចក្តីព្រាងសំណើអំពីរបៀបគ្រប់គ្រងតំបន់ហ្កាហ្សា។

ការជំរុញជាលក្ខណៈឯកជនរបស់អាមេរិកសម្រាប់អ៊ីស្រាអែលឲ្យបញ្ចប់ការវាយលុករបស់ខ្លួន នៅដើមឆ្នាំថ្មីបានបំភ្លឺមិនត្រឹមតែបំណងប្រាថ្នារបស់លោកចូ បៃដិន ក្នុងការបញ្ចប់សង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំនិតរបស់គាត់សម្រាប់អ្វីដែលនឹងកើតឡើងបន្ទាប់ទៀត។
ការជំរុញនេះ បានលាតត្រដាងផងដែរនូវភាពប្រេះឆារវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល ដោយសម្ព័ន្ធមិត្តទាំងពីរមានការខ្វែងគំនិតគ្នាអំពីរបៀប ដែលពួកគេជឿថា ដែនដីនេះ គួរតែត្រូវបានគ្រប់គ្រងយ៉ាងពេញលេញ បន្ទាប់ពីអរិភាពជាមួយក្រុមហាម៉ាស ត្រូវបានបញ្ចប់។
ក្រុមមន្ត្រីជាន់ខ្ពស់ បានប្រឹងប្រែងបំពេញការងារដោយគ្មានសម្រាក ខណៈពេលដែលពួកគេ កំពុងរៀបចំផែនការ ដែលអាចធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធ មានការពេញចិត្ត។