ភ្លៀងធ្លាក់ខ្លាំងពីឆ្នេរសមុទ្រដែលទាក់ទងទៅនឹងព្យុះស៊ីក្លូនត្រូពិច Jasper កាលពីពេលមុន នៅថ្ងៃចន្ទនេះបានកាត់ផ្តាច់ទីក្រុងទេសចរណ៍ជាច្រើននៅភាគខាងជើងប្រទេសអូស្ត្រាលី តាមបណ្ដោយថ្មប៉ប្រាស់ទឹក Great Barrier ដោយបានបង្ខំឱ្យមានការជម្លៀសខ្លួនចេញ ខណៈពលរដ្ឋមួយចំនួន បានភៀសខ្លួនឡើងទៅលើដំបូលផ្ទះដើម្បីគេចពីទឹកដែលកើនឡើងយ៉ាងលឿន។

ខេនស៍(Cairns) ជាទីក្រុងច្រកផ្លូវចូលទៅកាន់ថ្មប៉ប្រះទឹក Great Barrier និងជាទីជម្រករបស់មនុស្សជាង ១៥០.០០០នាក់ បានទទួលទឹកភ្លៀងប្រហែល ៦០០ មីលីម៉ែត្រ ក្នុងរយៈពេល៤០ម៉ោង រហូតដល់ព្រឹកថ្ងៃច័ន្ទនេះ ដែលនោះជាកម្រិតច្រើនជាងបីដងនៃនៃកម្រិតទឹកភ្លៀងជាមធ្យមក្នុងខែធ្នូ ដែលមាន១៨២មីលីម៉ែត្រ។

រាល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ ពីអាកាសយានដ្ឋាន Cairns ត្រូវបានលុបចោល នៅថ្ងៃចន្ទនេះ។ ការព្រមានជាច្រើនអំពីទឹកជំនន់ ត្រូវបានចេញ ខណៈទឹកទន្លេនៅតែខ្ពស់លើកម្រិតគ្រោះថ្នាក់ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងខ្ពស់បំផុតលើកំណត់ត្រាដែលបានកត់ត្រាទុកក្នុងឆ្នាំ ១៩៧៧។