ភ្នំពេញ ៖ ក្រោយបញ្ចប់ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ការកែលើក្រដាសកិច្ចការទាំងនោះ ក៏បានចាប់ផ្ដើមនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅទីតាំងសាលាភូមិន្ទរដ្ឋបាល។ ក្រដាសកិច្ចការនីមួយៗ ត្រូវកែចំនួន ២ដង និងត្រូវឆ្លងកាត់ការផ្ទៀងផ្ទាត់បន្ថែមទៀត ពីអង្គភាពប្រឆាំងអំពើពុករលួយ។
ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣នេះ ក្រុមកាងារជំនាញ បានចាប់ផ្ដើមដំណើរការកំណែ លើក្រដាសកិច្ចការបេក្ខជន ប្រឡងចូលជាមន្ត្រីកសិកម្មឃុំ។ ដំណើរការកំណែនេះ ចាប់ផ្ដើមឡើងដោយមានការចូលរួមជាសាក្សីពី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ផងដែរ។ ការចាប់ផ្ដើមនៅថ្ងៃនេះ គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានពិនិត្យមើលទាំងការចាក់សោរបន្ទប់រក្សាទុកក្រដាសកិច្ចការ ការចាក់សោរហិបក្រដាសកិច្ចការ ក៏ដូចជាការកាត់ក្បាលក្រដាសកិច្ចការផងដែរ។
ឯកឧត្តម ង៉ឺយ ធឿន ជាសមាជិកគណមេប្រយោគសម្រាប់ការប្រឡង បានលើកឡើងបញ្ជាក់ថា ដំណាក់កាលកំណែនេះ រៀបចំឡើងដោយមាននីតិវិធីច្បាស់លាស់ដើម្បីធានាភាពសុក្រឹត្យ ត្រឹមត្រូវសម្រាប់បេក្ខជនគ្រប់រូប។
ឯកឧត្តម ថាការកែគឺនឹងធ្វើឡើងរហូតដល់ ២ដង សម្រាប់ក្រដាសកិច្ចការនីមួយៗ និងមានការផ្ទៀងផ្ទាត់ពិន្ទុបន្ថែមទៀត ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រោយការកែរួចរាល់ ដំណាក់កាលបូកស្រង់ពិន្ទុ ក៏រៀបចំដោយមាននីតិវិធីច្បាស់លាស់ធានាភាពត្រឹមត្រូវផងដែរ។ នេះជាការអះអាងបន្ថែម របស់ឯកឧត្តម។ ឯកឧត្តមថា ការស្រង់ពិន្ទុធ្វើឡើងដោយប្រព័ន្ធកំព្យូទ័រ ដែលត្រូវបានត្រួតពិនិត្យពីគ្រប់ភាគីពាក់ព័ន្ធ ធានាភាពស្អាតស្អំ និងស្រង់ពិន្ទុទៅតាមលេខកូដសម្ងាត់ និងមានការបើកបង្ហាញលើស្គ្រីនធំ ដើម្បីផ្ទៀងផ្ទាត់គ្រប់គ្នា។
គួរបញ្ជាក់ឱ្យដឹងដែរថា ការកែនិងការស្រង់ពិន្ទុនេះ នឹងចំណាយពេល ១សប្ដាហ៍ ដើម្បីបញ្ចប់ការងារ។ តាមការគ្រោង លទ្ធផលជាប់ ធ្លាក់របស់បេក្ខជន ប្រឡងមន្ត្រីកសិកម្មឃុំ នឹងប្រកាសជូននៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៣នេះតែម្ដង។
ក្រោយប្រកាសលទ្ធផលរួចរាល់ មន្ត្រីដែលប្រឡងជាប់ទាំង ២៥០ រូប គឺត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីក្រសួងកសិកម្មបន្ថែមទៀត មុននឹងបញ្ជូនទៅបំពេញការងារនៅតាមមូលដ្ឋាន ឃុំ ជួយដល់កសិករ។ ការបញ្ជូនទៅធ្វើការងារផ្ទាល់ជាមួយកសិករនេះ គឺអាចធ្វើឡើងក្នុងអំឡុងខែ មីនា ឆ្នាំ ២០២៤ខាងមុខ៕ អត្ថបទ៖ គឹមហុក








