ក្រុងតូក្យូ ៖នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹកថ្ងៃចន្ទ័ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកជំទាវជាភរិយា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន អញ្ជើញទស្សនាមហោស្រព National Noh Theatre និងអញ្ជើញទស្សនាការសម្តែងសិល្បះប្រពៃណីរបស់ប្រទេសជប៉ុន។ វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវជាភរិយា នៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពី លោកស្រី ហាសេហ្កាវ៉ា ប្រធានក្រុមប្រឹក្សាសិល្បះជប៉ុន និងមន្រ្តីនៃមហោស្រព National Noh Theatre ជាច្រើនរូប។
នៅក្នុងពិធីនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងលោកជំទាវជាភរិយា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានអញ្ជើញទស្សនាការរៀបចំរបស់អ្នកសំដែង Noh ដូចជា ម៉ាស់ សម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន និងការប្រគុំតន្រ្តីបុរាណរបស់ជប៉ុន។
សូមបញ្ជាក់ថា National Noh Theatre គឺជារោងមហោស្រពជាតិដំបូងគេ និងសំខាន់បំផុតរបស់ប្រទេសជប៉ុនសម្រាប់សិល្បៈសម្តែងល្ខោនអូប៉េរ៉ា របាំបាឡេ របាំ និងល្ខោនជប៉ុនបុរាណ។ មហោស្រពជាតិ Noh បានបើកដំណើរការនៅទីក្រុង Sendagaya, ទីក្រុងShibuya, និងទីក្រុងTokyo ប្រទេសជប៉ុនក្នុងខែកញ្ញាឆ្នាំ 1983 ។
សាលមហាស្រពមានកៅអីចំនួន 630 សម្រាប់អង្គុយមើលការសម្តែងរបស់ ល្ខោនNoh និង ល្ខោនKyōgen ហើយក៏មានកន្លែងហាត់សម កន្លែងតាំងពិពណ៌ បន្ទប់បង្រៀន និងបណ្ណាល័យឯកសារផងដែរ។ ការសំដែង ល្ខោនNoh ជាធម្មតាមានការលេងពីរប្រភេទ៖ ល្ខោនNoh ដែលមានលក្ខណៈត្រឹមត្រូវ ដែលជារឿយៗផ្តោតជុំវិញរឿងទេវកថា ការសម្តែងតន្ត្រី និងការរាំ ជាមួយនឹងសំលៀកបំពាក់ដ៏ប្រណិត និងរបាំងមុខប្លែកៗ។ និង ល្ខោនkyogen ជាការលេងកំប្លែងផ្តោតលើតួអង្គថ្នាក់ទាប។ ទម្រង់ទាំងពីរនេះរួមគ្នាត្រូវបានគេហៅថា ល្ខោនnogaku។ ល្ខោនnogakuត្រូវបានចាត់ចូលជាសម្បត្តិវប្បធម៌អរូបបីរបស់អង្គការUNESCOក្នុងឆ្នាំ២០០៨។
ល្ខោនNoh បានបង្កើតឡើងពីទម្រង់នៃរបាំបុរាណ និងពីប្រភេទផ្សេងៗនៃល្ខោនពិធីបុណ្យនៅតាមទីសក្ការៈបូជា និងប្រាសាទនានា ដែលបានលេចឡើងនៅសតវត្សទី 12 ឬទី 13 ។ ល្ខោនNoh បានក្លាយជាទម្រង់ប្លែកមួយនៅក្នុងសតវត្សទី 14 ហើយត្រូវបានកែលម្អជាបន្តបន្ទាប់រហូតដល់ឆ្នាំនៃសម័យ Tokugawa (1603-1867) ។ ល្ខោន Noh ត្រូវបានរៀបចំឡើងជុំវិញបទចម្រៀង និងរបាំ។ ចលនារាំមានភាពយឺតៗ ភាសាគឺកំណាព្យ ទឹកដមគឺគ្រលួច ហើយសំលៀកបំពាក់គឺសម្បូរបែប និងធ្ងន់។
សាច់រឿងជាធម្មតាត្រូវបានដកចេញពីរឿងព្រេង ប្រវត្តិសាស្ត្រ អក្សរសិល្ប៍ និងព្រឹត្តិការណ៍សហសម័យ។ ប្រធានបទជារឿយៗទាក់ទងនឹងសុបិន ពិភពអរូបី ខ្មោច និងវិញ្ញាណ។ លោកជំទាវជាភរិយា នៃប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃមហោស្រព National Noh Theatre ដែលបានអនុញ្ញាតឲ្យថ្នាក់ដឹកនាំទាំងអស់ បានចូលទស្សនាពីការសម្តែងរបស់ អ្នកសំដែង Noh បានបង្ហាញពីវប្បធម៌ដ៏រុងរឿងរបស់ប្រទេសជប៉ុន ដែលមានអាយុកាលដ៏យូរលង់ណាស់មកនោះ៕ ដោយ ៖ ដារា







