
ទីជម្រកក្នុងទីក្រុង Port Sudan នៅភាគខាងកើតប្រទេសស៊ូដង់ បាននិងកំពុងប្រឹងប្រែងយ៉ាងលំបាក ដើម្បីដោះស្រាយជាមួយជនភៀសខ្លួនក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ចំពេលមានការខ្វះខាតការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ ខណៈការប៉ះទង្គិចគ្នាដោយហិង្សា នៅក្នុងប្រទេសនេះ បានឈានចូលដល់ខែទី៩ ហើយ។
បើយោងតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឲ្យដឹងថា ជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAR) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា បានបង្ខំឲ្យមនុស្សផ្លាស់ទីលំនៅជាង ៦,៧លាននាក់ នៅក្នុងប្រទេសស៊ូដង់។
សង្គ្រាមនេះ បានបង្ខំឲ្យមនុស្សភៀសខ្លួនទៅកាន់ទីកន្លែងផ្សែងៗ ដោយក្នុងនោះអ្នកផ្លាស់ទីលំនៅជាច្រើននាក់ បានធ្វើដំណើរទៅកាន់ទីក្រុងកំពង់ផែ Port Sudan ជាកន្លែង ដែលមានស្ថិរភាពខ្ពស់ ដោយសារទីក្រុងនេះមិនស្ថិតនៅក្រោមឥទ្ធិពលផ្ទាល់នៃជម្លោះនេះ។ តែយ៉ាងណាក្ដី ទីផ្ដល់ជម្រកមូលដ្ឋាននេះ បានជួបនឹងការលំបាក ក្នុងការដោះស្រាយជាមួយលំហូរនៃជនភៀសខ្លួន។
ជម្រកមួយនៅភាគខាងជើងនៃទីក្រុង Port Sudan ដែលបង្កើតឡើង ដោយភ្នាក់ងារមនុស្សធម៌មូលដ្ឋាន បច្ចុប្បន្ន មានប្រជាជនជិត ៥០០នាក់ មកពីជាង ១០០គ្រួសារ នៅទូទាំងប្រទេស។ ទោះបីជាមានជំនួយពីអង្គការមនុស្សធម៌មួយចំនួនក៏ដោយ ក៏ទីជម្រកនេះ អាចផ្តល់អាហារត្រឹមតែ ២ពេលក្នុងមួយថ្ងៃ ដែលជាបរិមាណតិចតួចល្មមជួយបំពេញតម្រូវការមូលដ្ឋានរបស់ជនភៀសខ្លួនប៉ុណ្ណោះ។ ដោយសារមិនមានអាហារគ្រប់គ្រាន់នេះហើយ ទើបមនុស្សចាស់ និងកុមារជាច្រើន ចាប់ផ្ដើមមានរាងកាយខ្សោយទៅៗ។
លើសពីនេះទៀត មិនត្រឹមតែមានការខ្វះខាតការផ្គត់ផ្គង់ប៉ុណ្ណោះទេ ទីជម្រកនេះក៏ប្រឈមនឹងការខ្វះខាតកម្លាំងជំនាញ ហើយការផ្ដល់សេវាវេជ្ជសាស្រ្ត នៅតែមានកម្រិត។ ម៉្យាងវិញទៀត ដោយសារទីក្រុង Port Sudan ឥឡូវនេះស្ថិតក្នុងរដូវ ដែលមានអាកាសធាតុត្រជាក់បំផុតនៃឆ្នាំនេះ ជំងឺឆ្លងដូចជាជំងឺអាសន្នរោគ និងជំងឺគ្រុនឈាមក៏បានចាប់ផ្តើមរីករាលដាលផងដែរ ដែលបង្កបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរដល់ជនភៀសខ្លួន ដែលមានរាងកាយទន់ខ្សោយ និងខ្វះអាហារ៕