
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋចិន បានឲ្យដឹងថា ប្រតិបត្តិការជួយសង្រ្គោះ បានចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដើម្បីជួយអ្នកស្រុកដែលជាប់ខ្លួនក្រោមគំនរអគារបាក់បែក ក្រោយការរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានអង្រួនស្រុកដាច់ស្រយាល និងតំបន់ភ្នំនៅជ្រោយភាគខាងជើងនៃតំបន់ខ្ពង់រាបឈីងហៃ-ទីបេតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១១៨នាក់ និងមនុស្សរាប់រយនាក់ផ្សេងទៀត រងរបួស ។
រូបថតសន្លឹកនៅលើទូរទស្សន៍រដ្ឋ CCTV ឃើញក្រុមសង្រ្គោះបន្ទាន់ធ្វើការទាំងយប់ ដើម្បីសង្រ្គោះមនុស្សជាប់ខ្លួនក្រោមគំនរបាក់បែក និងបានជម្លៀសមនុស្សចុះពីលើដីថ្ម ស្ថិតក្នុងខេត្តកាងស៊ូ ។
ការរញ្ជួយដីនេះដែរ បង្កឲ្យកើតមានបំណាក់ដីកប់ផ្ទះសម្បែងអ្នកស្រុកផងដែរ ។
យោងតាមការអះអាងរបស់មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានឲ្យដឹងថា ការរញ្ជួយដី បានវាយប្រហារស្រុក Jishishan ស្ថិតនៅខេត្តភាគពាយ័ព្យកាងស៊ូ ប្រទេសចិន កាលពីវេលាម៉ោង ១១ និង ៥៩នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃចន្ទ ត្រូវនឹងម៉ោង ១៥ និង ៥៩នាទីម៉ោងសកល ក្នុងជម្រៅដី ១០គ.ម ។
ក្រុមអាជ្ញាធរ បានចុះប្រតិបត្តិការឆ្លើយតបគ្រាអាសន្នភ្លាមៗ ប៉ុន្តែការងារជួយសង្រ្គោះជួបការលំបាកខ្លាំងដោយសារតែសីតុណ្ហភាពក្រោមសូន្យអង្សាសេ ស្របពេលដែលតំបន់ភាគច្រើនរបស់ចិន មើលឃើញសីតុណ្ហភាពធ្លាក់ចុះខ្លាំង ពេលដែលរលកត្រជាក់ចាប់ផ្តើមកើតមានកាលពីសប្តាហ៍មុន ៕