សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន តាន់យ៉ាហ៊ូ (Benjamin Netanyahu) និងក្រុមមន្ត្រីជាន់ខ្ពស់ ក្នុងប្រទេស អ៊ីស្រាអែល រដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងលោកឧត្តមសេនីយ៍កងទ័ពអាកាស CQ Brown ដែលជាប្រធានអគ្គសេនាធិការចម្រុះ បានអំពាវនាវឲ្យមានការផ្លាស់ប្តូរទៅប្រតិបត្តិការប្រយុទ្ធ ដែលមិនសូវខ្លាំងដូចពីមុន។

ការបោះពុម្ភផ្សាយរបស់សារព័ត៌មាននេះ បានឲ្យដឹងថា លោក Austin និង លោក Brown បានជំរុញអ៊ីស្រាអែលឲ្យផ្លាស់ប្តូរទៅរកការវាយឆ្មក់គោលដៅបន្ថែមទៀត នៅក្នុងតំបន់ហ្កាហ្សា ដើម្បីកំណត់ចំនួនជនស៊ីវិល ដែលបាត់បង់ជីវិត អនុញ្ញាតឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ទៅដល់ប្រជាជនក្នុងដែនដីនេះ និងទទួលបានការគាំទ្រពីអន្តរជាតិបន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ។

សារព័ត៌មាន Journal បានបញ្ជាក់ថា កិច្ចប្រជុំទាំងនោះ គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការទូតធំជាងមុនរបស់ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលមជ្ឈិមបូព៌ាមួយចំនួនសម្រាប់អ៊ីស្រាអែល ដើម្បីចាប់ផ្តើមបញ្ចប់ដំណាក់កាលដ៏ខ្លាំងក្លាបំផុតនៃប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា។
ដូចដែលយើងបានរាយការណ៍ពីមុនមកហើយ ក្រុមមន្ត្រីអាមេរិក បានប្រាប់អ៊ីស្រាអែលដោយផ្ទាល់ថា ពួកគេចង់ឃើញទំហំនៃការប្រយុទ្ធគ្នា ត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មិនមែនរាប់ខែនោះទេ ជុំវិញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចំនួនខូចខាតផ្នែកមនុស្សធម៌។