បាល់ទាត់៖ កីឡាករ និងអ្នកគាំទ្រមិនថា ដាណឺម៉ាក រឺប៊ែលហ្ស៊ិករួមជាមួយអាជ្ញាកណ្ដាលសុទ្ធតែបង្ហាញសេចក្តីស្រលាញ់ និងទះដៃលើកទឹកចិត្តដល់ខ្សែបម្រើដាណឺម៉ាក Christian Eriksen ដែលបានដួលសន្លប់កាលពីសប្ដាហ៍មុន។

ការប្រកួតរវាងដាណឺម៉ាក និងប៊ែលហ្ស៊ិកបានឈប់នៅនាទីទី១០ ដើម្បីទះដៃលើកទឹកចិត្តដល់ Eriksen ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ Eriksen បានធូរស្បើយច្រើនហើយ និងបានសរសេរសារជាសាធារណៈអរគុណអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាមិត្តរួមក្រុម គ្រូបង្វឹក អ្នករាល់គ្នាដែលបានបង្ហាញក្តីបារម្ភ និងជូនពរ។ ការប្រកួតនៅកីឡដ្ឋាន Parken ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាកកាលពីយប់មិញគឺជាកីឡដ្ឋានដដែលដែល Christian Eriksen បានដួលសន្លប់មុនចប់វគ្គទី១ ក្នុងការប្រកួតដែលដាណឺម៉ាកចាញ់ហ្វាំងឡង់ ១-០។

ចំណែកការប្រកួតយប់មិញដែលដាណឺម៉ាកនាំមុខមុននៅនាទីទី២ ដោយ Yussuf Poulsen នោះ ខ្សែបំរើ Manchester City, Kevin de Bruyne ដែលផ្លាស់ចូលនៅវគ្គទី២ គឺជាតួអង្គសំខាន់ដែលជួយអោយប៊ែលហ្ស៊ិកវាយបក ២គ្រាប់វិញយកឈ្នះការប្រកួតនេះ បន្ទាប់ពីគ្រាប់តាមស្មើបញ្ជូនអោយ Thorgan Hazard សំរេចទី និងគ្រាប់ទីពីរសំរេចទីដោយខ្លួនឯង។ ចប់ការប្រកួតប៊ែលហ្ស៊ិកយកឈ្នះដាណឺម៉ាក ២-១ កក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ។ លទ្ធផលផ្សេងទៀតនៅក្នុងពូល C ហូឡង់ក៏បានកក់កៅអីនៅជុំបន្តដែរក្រោយឈ្នះអូទ្រីស ២-០ ខណៈអ៊ុយក្រែនយកឈ្នះម៉ាសេដ្វាន់ខាងជើង ២-១៕
អត្ថបទ៖នាង សុភាវុធ