
ក្រុមសកម្មប្រយុទ្ធហ៊ូធី នៅ ប្រទេសយេម៉ែន បាននិយាយថា ពួកគេ នឹងមិនបញ្ឈប់ការវាយប្រហារលើនាវានៅក្នុងសមុទ្រក្រហមនោះទេ បើទោះបីជាមានការបង្កើតក្រុមការងារដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងតំបន់នេះក៏ដោយ។
សមាជិកក្រុមប្រឹក្សាគ្រប់គ្រងហ៊ូធី លោក Mohammed Albukhaiti បានប្រាប់សារព័ត៌មាន Washington Post កាលពីថ្ងៃអង្គារថា៖«សង្រ្គាមរបស់យើង គឺជាសង្រ្គាមសីលធម៌ ដូច្នេះហើយ ទោះបីជាសម្ព័ន្ធមិត្តដែលសហរដ្ឋអាមេរិកប្រមូលបានច្រើនប៉ុន្មាន ប្រតិបត្តិការយោធារបស់យើង នឹងមិនត្រូវបានឈប់ឡើយ។
នាវាពាណិជ្ជកម្មជាច្រើនសប្តាហ៍ បានរងការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលត្រូវបានបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូធីនៃប្រទេសយេម៉ែន។ ក្រុមនេះ បាននិយាយថា ការវាយប្រហារនេះ គឺដើម្បីប្រឆាំងទៅនឹងសង្គ្រាម ដែលកំពុងបន្តរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស នៅតំបន់ហ្កា ហ្សាស្ទ្រីប។
ភាពធ្ងន់ធ្ងរនៃការវាយប្រហារ ដែលនាវាជាច្រើនបានខូចខាត បាននាំឲ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើនបញ្ជានាវារបស់ពួកគេ ឲ្យនៅនឹងកន្លែង និងមិនចូលទៅក្នុងច្រកសមុទ្រ Bab el-Mandeb រហូតដល់ស្ថានភាពសន្តិសុខ អាចត្រូវបានដោះស្រាយ។ អ្នកផ្សេងទៀត បានប្តូរទិសដៅនាវារបស់ពួកគេ ដោយបន្ថែមការចំណាយ និងការពន្យារពេល។