
សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅថ្ងៃពុធ (ទី២០ ខែធ្នូ) នេះ បានបួងសួងសុំសេចក្ដីសុខ សម្រាប់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដី ដែលបានអង្រួនតំបន់ដាច់ស្រយាលមួយ ក្នុងខេត្ត Gansu និង Qinghai នៅភាគពាយ័ព្យរបស់ប្រទេសចិន។
នៅឯបុរីវ៉ាទីកង់ សម្តេចប៉ាបបានមានព្រះបន្ទូលទៅកាន់អ្នកស្ដាប់ថា៖ «ខ្ញុំមានការអាណិតអាសូរជាពន់ពេក និងសុំអធិដ្ឋាន សម្រាប់ប្រជាជន ដែលរងទុក្ខទាំងអស់»។
សូមបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៦,២រ៉ិកទ័រ បានវាយប្រហារតំបន់ Jiishishan ក្បែរព្រំដែនជាប់ខេត្ត Gansu និង Qinghai ពោលគឺមួយនាទី នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ (ទី១៨ ខែធ្នូ) ដោយបានធ្វើឲ្យអ្នកស្រុក ដែលភ័យខ្លាចរត់ចេញពីផ្ទះមកក្រៅទាំងអាកាសធាតុត្រជាក់ នាពេលយប់ បំផ្លិចបំផ្លាញផ្លូវថ្នល់ ខ្សែភ្លើង និងបណ្តាញទឹក ព្រមទាំងកន្លែងផលិតកសិកម្ម និងបង្កឲ្យមានជាបំណាក់ដី និងល្បាប់ភក់។
អាជ្ញាធរបានឲ្យដឹងថា នៅខេត្ត Gansu មនុស្ស ១១៣នាក់ ត្រូវបានរកឃើញថា ស្លាប់ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃពុធ (ត្រូវនឹងម៉ោង ១ ម៉ោងសកល) ហើយ ៧៨២នាក់ បានរងរបួស។ ចំនួនអ្នកស្លាប់ នៅក្នុងខេត្តជិតខាង Qinghai បានកើនឡើងដល់ ១៨នាក់ និង ១៩៨នាក់ បានរងរបួស គិតត្រឹមម៉ោង ៥ និង ៣០នាទីព្រឹកថ្ងៃពុធ ម៉ោងក្នុងស្រុក៕