ភ្នំពេញ៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) នឹងលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ឱ្យរឹតតែរីកចម្រើន សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សម្រាប់ឧត្តមប្រយោជន៍ចំពោះប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ ។
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ នៅទីស្តីការក្រសួងបរិស្ថាន បានលើកឡើងថា ដោយហេតុថា បរិស្ថាន គឺជាសសរស្ដម្ភមួយ ក្នុងចំណោមសសរស្ដម្ភផ្សេង ទៀត រួមមាន៖ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលត្រូវមានតុល្យភាពក្នុងការគាំទ្រគ្នាទៅវិញទៅមក សម្រាប់ ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដូច្នេះការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឱ្យទទួលបាន ជោគជ័យ គឺត្រូវមានយន្តការអនុវត្តប្រកបដោយសមត្ថភាព ការចូលរួម និងសាមគ្គីភាព ក្នុងការធ្វើអនុលោមភាព កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលការងារ ដើម្បីបំពេញតួនាទី និងភារកិច្ចរៀងខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ សំដៅសម្រេចបាននូវគោលដៅ និងផលប្រយោជន៍រួម។ យន្តការ អនុវត្តទាំងនោះ រួមមាន៖ យន្តការអន្តរក្រសួង យន្តការក្រសួង និងយន្តការថ្នាក់ក្រោមជាតិ ។
តាមការឱ្យដឹង យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) មានយុទ្ធសាស្រ្តស្នូលផ្តោត លើមុំបី គឺ ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងការពង្រីក ការផ្សព្វផ្សាយ ដែលមុំ ទាំងបីនេះ ជាកម្លាំងចលករបង្វិលយុទ្ធសាស្រ្តចំនួន៣ផ្សេងទៀត ឱ្យមានដំណើរការដោយរលូន និងប្រសិទ្ធភាព។ យុទ្ធសាស្រ្តបីទៀតនោះ រួមមាន៖ យុទ្ធសាស្រ្តទី១. ភាពស្អាត មានមុំបី គឺ ការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល និងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ យុទ្ធសាស្រ្ត ទី២. ភាពបៃតង មានមុំបី គឺការពង្រីកចលនាដាំដើមឈើ ការជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងយុទ្ធសាស្រ្តទី៣. ចីរភាព មានមុំបី គឺការធ្វើអនុ លោមភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល ៕អត្ថបទ៖ ទូច សោភ័ណ




