
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ និងប្រភពសន្តិសុខមួយ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ស្ត្រីចំណាស់ម្នាក់ និងប្តីរបស់គាត់ បានរងរបួស នៅក្នុងផ្ទះរបស់ពួកគេ នៅប្រទេសលីបង់ភាគខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ឧបទ្ទវហេតុនេះ បាននាំឲ្យចំនួនអ្នកស្លាប់ជនស៊ីវិលពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល នៅប្រទេសលីបង់ភាគខាងត្បូង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កើនឡើងដល់ប្រហែល ២០នាក់ រួមទាំងអ្នកកាសែត និងកុមារ នេះបើយោងតាមការរាប់របស់សារព័ត៌មានរ៉យទ័រ។
ក្រុមប្រដាប់អាវុធនោះ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលមួយផ្សេងទៀត នៅពេលយប់ បានសម្លាប់សមាជិកនៃក្រុមហេសបូឡា ដែលបានបាត់បង់យុទ្ធជនជាង ១០០នាក់ នៅក្នុងអរិភាព នាពេលថ្មីៗនេះ ជាមួយអ៊ីស្រាអែល។
ក្រុមហេសបូឡា បាននិងកំពុងប្រយុទ្ធគ្នាជាមួយអ៊ីស្រាអែល នៅព្រំដែន ចាប់តាំងពីសម្ព័ន្ធមិត្តប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបង្កឲ្យមានជម្លោះដែលបានទាក់ទាញឲ្យមានការចូលរួមពីក្រុមប្រដាប់អាវុធធុនធ្ងន់ និងក្រុមមួយចំនួនដែលគាំទ្រអ៊ីរ៉ង់ នៅទូទាំងមជ្ឈិមបូព៌ា។