ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លើកឡើងថា កម្ពុជាមានទំហំពាណិជ្ជកម្មធំបំផុតជាមួយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានទំហំ ២៦.៥៧ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦,៤៧ពាន់លានដុល្លារអាម៉េរិក ដែលការនាំចេញមានទំហំ ៧,២១ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧,២៩%។ លោកជំទាវ បានបន្តថា ទីផ្សារ អាសិប គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១,០៦% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា។ ទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ដែលមានតម្លៃប្រមាណ ៧,១១ពាន់លានដុល្លារអាម៉េរិក , ស្បែកជើង ១,២ពាន់លានដុល្លារអាម៉េរិក , កាបូប ១,៤៧ពាន់លានដុល្លារអាម៉េរិក , វាយនភណ្ឌផ្សេងៗទៀត ១១៨លានដុល្លារអាម៉េរិក , គ្រឿងអេឡិចត្រូនិចនិងគ្រឿងបង្គុំ ២,៩៤ពាន់លានដុល្លារអាម៉េរិក , ទោចក្រយាន ៣៩៩លានដុល្លារអាម៉េរិក។
លោកជំទាវរដ្ឋមន្រ្តីពាណិជ្ជកម្ម បានមានប្រសាសន៍បន្ថែមថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅតែប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។ ក្រសួងពាណិជ្ជកម្ម នឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយបានកាត់បន្ថយទាំងការចំណាយ និងពេលវេលា និងការរក្សាស្ថិរភាពថ្លៃ និងការជំរុញពាណិជ្ជកម្មក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យឯកជន។
សូមបញ្ជាក់ថា ការចូលជាធរមាននៅខែមករា ឆ្នាំ២០២២ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសជាដៃគូសេដ្ឋកិច្ចចំនួន ៥ទៀត រួមមាន៖ ចិន កូរ៉េ អូស្ត្រាលី ញូវហ្សេឡែន និងជប៉ុន ជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចសព្វជ្រុងជ្រោយថ្នាក់តំបន់។ តាមការសិក្សារបស់វិទ្យាស្ថានអាស៊ីបូព៌ា បានឱ្យដឹងថា តាមរយៈការផ្តើមមានសុពលភាពនៃ អាសិប កម្ពុជានឹងអាចរីកលូតលាស់សេដ្ឋកិច្ចប្រចាំឆ្នាំរហូតដល់ពី ២ ទៅ ៣,៨% ហើយកំណើនការងារកើនពី ៣,២ ទៅ៦,២%។ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ក្នុងការនាំចេញ ៧,៣% ខណៈដែលកំណើនបានពីការវិនិយោគ គឺ២៣,៤%។ រីឯចំណូលពន្ធប្រចាំឆ្នាំវិញ កើនពី ២ ទៅ៣,៩%។
ដោយឡែក ទំហំពាណិជ្ជកម្មអន្តរជាតិ គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចបាន ៤៣,៥២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះការនាំចេញមានចំនួន ២២ពាន់លានដុល្លារអាម៉េរិក គឺមានកើនឡើង ៤.០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល១១ខែ ឆ្នាំ២០២២៕ ដោយ ៖ បូរ៉ាវី









