នគរបាលនិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មនុស្សជាង១០នាក់ និងរងរបួសធ្ងន់ច្រើននាក់ផ្សេងទៀត នៅសកលវិទ្យាល័យទីក្រុងប្រាក(Prague) កាលពីថ្ងៃព្រហស្បតិ៍ ជាការបាញ់សម្លាប់រង្គាលមិនធ្លាប់មាននៅសាធារណៈរដ្ឋឆេក។ សាកសពអ្នកបាញ់ប្រហារ ក៏ត្រូវបានរកឃើញនៅក្នុងតំបន់នោះដែរ ខណៈឪពុករបស់ខ្មាន់កាំភ្លើងក៏បានស្លាប់ផងដែរ។

នគរបាលប្រទេសឆែក បានឆ្លើយតបទៅនឹងការបាញ់ប្រហារនៅអគារមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ Charles ភ្លាមៗ បន្ទាប់ពីម៉ោង ៣ រសៀលម៉ោងក្នុងស្រុក។ នគរបាលនិយាយថា ខ្មាន់កាំភ្លើងគឺជានិស្សិតនៅមហាវិទ្យាល័យនោះ។

លោក Ivo Havranek បានប្រាប់សារព័ត៌មាន Reuters ពីអ្វីដែលលោកបានឃើញថា នៅពេលដំបូង វាបានផ្ទុះពីរទៅបីគ្រាប់។ លោកមិនដឹងថាវាជាការបាញ់ប្រហារនោះទេ។ ភ្លាមៗនោះ មានសិស្ស និងគ្រូបង្រៀន បានរត់ចេញពីអគារ។ នៅពេលលោកឆ្លងកាត់ហ្វូងមនុស្ស លោកបានឃើញមាននគរបាលបំពាក់ដោយកាំភ្លើងស្វ័យប្រវត្តិ នេះជាអ្វីដែលកំពុងកើតឡើង។
សារអេឡិចត្រូនិកមួយ ត្រូវបានផ្ញើទៅកាន់បុគ្គលិកនិងនិស្សិត ដោយបាននិយាយថាអ្នកបាញ់ប្រហារក៏ស្ថិតនៅក្នុងអគារនេះដែរ។ វីដេអូពីកន្លែងកើតហេតុ បានបង្ហាញពីនគរបាលប្រដាប់អាវុធនៅតាមផ្លូវ និងមនុស្សកំពុងលាក់ខ្លួននៅលើផ្នែកវ៉េរ៉ង់ដាអគារមួយកន្លែង។ នគរបាល បានបិទទីតាំង និងតំបន់នៅជាប់អគារដែលស្ថិតក្នុងផ្នែកដ៏មមាញឹករបស់ទីក្រុង។ ឧក្រិដ្ឋកម្មកាំភ្លើង កម្រកើតមានណាស់នៅសាធារណរដ្ឋឆែក។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ និស្សិត បានមកប្រមូលផ្តុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងការបាញ់ប្រហារនៅសាកលវិទ្យាល័យប្រាក(Prague) និងបានអុជទៀននៅខាងក្រៅទីស្នាក់ការកណ្តាលប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Charles ។