
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែធ្នូ) ថា រដ្ឋាភិបាលសហព័ន្ធរបស់កាណាដា នឹងផ្តល់ប្រាក់ច្រើនជាង ៤៧១លានដុល្លារកាណាដា (៣៥៤លានដុល្លារអាមេរិក) ដល់ទីក្រុង Toronto ដែលជាទីក្រុងធំបំផុតរបស់ប្រទេស ដើម្បីជួយសាងសង់លំនៅឋានបន្ថែមទៀត និងកាត់បន្ថយវិបត្តិជម្រក។
លោក Trudeau បាននិយាយថា ទឹកប្រាក់នេះនឹងអនុញ្ញាតឲ្យទីក្រុង Toronto ពន្លឿនការសាងសង់លំនៅឋានថ្មីជិត ១២.០០០ខ្នង ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ទឹកប្រាក់នេះនឹងយកមកពីមូលនិធិពិសេស ៤ពាន់លានដុល្លារកាណាដា។ មូលនិធិនោះត្រូវផ្ដល់ឲ្យទីក្រុងនានា ដែលយល់ព្រមក្នុងការបន្ធូរបន្ថយច្បាប់នគររូបនីយកម្ម ដែលការពារសង្កាត់នានា ដែលមានទៅដោយផ្ទះគ្រួសារតែមួយ។
ជាផ្នែកនៃកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសហព័ន្ធ ទីក្រុង Toronto នឹងធ្វើការដើម្បីសម្រួលការអនុម័តច្បាប់នគររូបបនីយកម្ម ពង្រីកកម្មវិធីជួលដែលមានតម្លៃសមរម្យ កាត់បន្ថយការិយាធិបតេយ្យហួសហេតុ និងដោះស្រាយបញ្ហាលំនៅឋាន ដែលមិនមានទីផ្សារ៕