
អូស្ត្រាលី បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកសម្រាប់នាវាចម្បាំងមួយ ដើម្បីជួយការពារផ្លូវដឹកជញ្ជូនអន្តរជាតិ នៅក្នុងសមុទ្រក្រហម ដោយរដ្ឋមន្ត្រីការពារជាតិ Richard Marles បាននិយាយថា ការផ្តោតជាយុទ្ធសាស្ត្ររបស់ប្រទេសនេះ ត្រូវតែរក្សាចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក Marles ដែលជាឧបនាយករដ្ឋមន្ត្រីផងនោះ បានប្រាប់សារព័ត៌មាន Sky News កាលពីថ្ងៃព្រហស្បតិ៍ថា អូស្ត្រាលី នឹងមិនបញ្ជូន «នាវា ឬយន្តហោះ» ទៅកាន់មជ្ឈិមបូព៌ាទេ ប៉ុន្តែផ្ទុយទៅវិញ ខ្លួននឹងបង្កើនការរួមចំណែកកងទ័ពរបស់ខ្លួនជិតបីដងដល់កងកម្លាំងដែនសមុទ្រដឹកនាំដោយសហរដ្ឋអាមេរិក។
លោកបាននិយាយទៀតថា៖«យើងត្រូវតែមានភាពច្បាស់លាស់ជុំវិញការផ្តោតជាយុទ្ធសាស្រ្តរបស់យើង ហើយការផ្តោតជាយុទ្ធសាស្រ្តរបស់យើង គឺតំបន់របស់យើង»។
សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ បានប្រកាសអំពីប្រតិបត្តិការ Operation Prosperity Guardian ដែលជាក្រុមបេសកកម្មដែនសមុទ្រអន្តរជាតិ ដែលមានបំណងការពារនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ពីការវាយប្រហារពីក្រុមសកម្មប្រយុទ្ធហួទីដែលមានមូលដ្ឋាន នៅប្រទេសយេម៉ែន។ ប្រទេសដែលចូលរួមរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងកាណាដា។
នៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃព្រហស្បតិ៍ លោក Marles បាននិយាយថា អូស្ត្រាលី នឹងផ្តល់ជំនួយនូវកងកម្លាំងការពារអូស្ត្រាលីចំនួន ៦នាក់បន្ថែមទៀត។