ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្របានអនុម័តសេចក្តីសម្រេច ដែលខកខានច្រើនលើក ទាមទារឱ្យភាគីទាំងអស់នៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសអនុញ្ញាតឱ្យមានការដឹកជញ្ជូន ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំងក្នុងទ្រង់ទ្រាយធំ។ បន្ទាប់ពីការពន្យារពេលជាច្រើនថ្ងៃ សេចក្តីសម្រេច បានអំពាវនាវឱ្យបង្កើត លក្ខខណ្ឌសម្រាប់ការបញ្ឈប់អរិភាពដោយនិរន្តរភាព ប៉ុន្តែមិនបានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធភ្លាមៗនោះទេ។ រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរបោះឆ្នោតវ៉េតូចំពោះវិធានការនេះ ខណៈជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សា បានអនុប្បវាទ មានន័យថា វាត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួនតែ ១៣ សំឡេង។

ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បានចាត់ទុកសេចក្តីសម្រេចនេះថាជាជំហានឆ្ពោះទៅមុខដ៏រឹងមាំ។ លោកស្រី និយាយថា ក្រុមប្រឹក្សានេះបានផ្តល់ពន្លឺនៃក្តីសង្ឃឹមក្នុងចំណោមសមុទ្រមួយនៃទុក្ខលំបាក។ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយបន្ទាប់ពីការបោះឆ្នោតថា ការវាយលុករបស់អ៊ីស្រាអែល គឺជា «បញ្ហាពិត» ហើយប្រទេសនេះកំពុងបង្កើតឧបសគ្គដ៏ធំចំពោះការដឹកជញ្ជូនជំនួយមនុស្សធម៌ ខណៈលោកបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យមានបទឈប់បាញ់មនុស្សធម៌បន្ទាន់។
ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បាននិយាយថា សេចក្តីសម្រេចនេះគឺ «មិនគ្រប់គ្រាន់នោះទេ» ហើយ «មិនបានឆ្លើយតបទៅនឹងស្ថានភាពដ៏មហន្តរាយ ដែលបង្កើតឡើងដោយអ៊ីស្រាអែល។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ លោក Riyad Mansour បាននិយាយថា ការប្រើប្រាស់ជំនួយមនុស្សធម៌ ជាវិធីសាស្រ្តនៃសង្គ្រាមត្រូវដែលត្រូវតែបញ្ចប់នៅពេលនេះ៕
